បច្ចេកវិទ្យា

ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមសាងសង់ រោងចក្រអាគុយ នៅសៀងហៃ ក្នុងពេលអនាគត

ប្រភព៖ xinhua

ប៉េកាំង ៖ នេះបើតាមការបញ្ជាក់ របស់ប្រធានក្រុមហ៊ុន Tesla ប្រទេសចិន លោក Wang Hao កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីអាមេរិក លោក Elon Musk គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រ ផលិតអាគុយនៅទីក្រុងសៀងហៃ នាពេលដ៏ខ្លីខាងមុខនេះ ដោយទំនិញ ដែលផលិតត្រូវបានរំពឹងថា នឹងប្រើប្រាស់ជាចម្បង សម្រាប់ការនាំចេញ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA ។

កាលពីខែមេសា ក្រុមហ៊ុន Tesla បានប្រកាសពីផែនការ របស់ខ្លួនក្នុងការសាងសង់ រោងចក្រផលិតអាគុយ ធំមួយឈ្មោះថា Megapack នៅទីក្រុងរបស់ប្រទេសចិន ជាមួយនឹងបរិមាណ នៃការផលិត អាគុយចំនួន ១០,០០០ ក្នុងមួយឆ្នាំ ។ លោក Wang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនថា យើងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសាង សង់ឃ្លាំង ផ្ទុកថាមពល Megafactory នាពេលអនាគតដ៏ខ្លី ។ ផលិតផលនឹងត្រូវបាន ប្រើប្រាស់ជាចម្បង សម្រាប់ការនាំចេញ ។

លោកបានបន្ថែមថា ទីផ្សាររថយន្តថាមពលថ្មី របស់ប្រទេសចិន មានទំហំធំណាស់ ហើយសក្ដានុពល របស់វាកំពុងបង្ហាញលទ្ធផលវិជ្ជមាន។ Tesla មានរោងចក្រ Gigafactory រួចហើយនៅសៀងហៃ ជារោងចក្រដ៏ធំបំផុត របស់ក្រុមហ៊ុនទាក់ទងនឹងការ ផលិតរថយន្តអគ្គិសនី។ ទន្ទឹមនឹងនេះ ទីផ្សារចិន គឺជាក្រុមហ៊ុនផលិតរថយន្តធំជាង គេបន្ទាប់ពីសហរដ្ឋអាមេរិក ៕
ដោយ៖លី ភីលីព

Most Popular

To Top