បច្ចេកវិទ្យា

អាចទេ! រថយន្ត​អនាគត មិនមែនជា​រថយន្ត​អគ្គិសនីទេ តែជា​រថយន្តអ៊ីដ្រូសែន?

ថ្វីត្បិត​តែ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប្រទេស​ជាច្រើន​បានជំរុញ​ការ ប្រើប្រាស់​រថយន្តអគ្គិសនី ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថានក៏ពិត​មែន ប៉ុន្តែ​មកដល់ពេលនេះ ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅតែ​មាន​បញ្ហាប្រឈម ​ជា​ច្រើននៅឡើយ ជាពិសេស​គឺ​ហេដ្ឋារចនាសម្ព័ន្ធដែល​បម្រើឱ្យរថយន្តអគ្គិសនី ប្រភពថាមពល​ដែលនៅ​មានការខ្វះខាតច្រើន ថាមពល​អាគុយ​នៅមានកម្រិត និង​តម្លៃថ្លៃនៃរថយន្ត​ប្រភេទនេះ។

មូលហេតុ​ទាំងនេះ ត្រូវបាន​មើលឃើញ ​ដោយ​ក្រុមហ៊ុនធំៗ​ដូចជា Toyota ជាដើម ដែលហាក់មិនសូវ​យកចិត្តទុកដាក់​លើ​ការផលិតរថយន្តអគ្គិសនី សុទ្ធឡើយ ប៉ុន្តែកន្លងមក​ ក្រុមហ៊ុន​នេះបែរ​ជាជំរុញ​ការសាកល្បង​លើ ​រថយន្ត​ដើរដោយថាមពល​អ៊ីដ្រូសែន​ទៅ​វិញ។ ថ្មីៗនេះ ក្រុមហ៊ុនយក្សអាល្លឺម៉ង់ BMW ក៏បាន​ធ្វើតេស្ត​លើរថយន្តអ៊ីដ្រូវសែន​ថ្មី​របស់ខ្លួនផងដែរ លើម៉ូឌែល iX5s នៅ​សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងមជ្ឈិមបូព៌ា និងត្រៀម​បញ្ចេញ​លក់លើទីផ្សារ​នៅ​មុនចុងទសវត្សរ៍​នេះទៀតផង ។

លោក Juergen Guldner អ្នកគ្រប់គ្រង​កម្មវិធីទូទៅ​ នៃ​បច្ចេកវិទ្យាអ៊ីដ្រូសែន​សម្រាប់ក្រុមហ៊ុន BMW បាន​លើកឡើងថា ថាមពល​អ៊ីដ្រូសែន ត្រូវបាន​ចាត់ទុកថា​ជា​ប្រភព​ថាមពល ​ជម្រើសផ្សេងមួយទៀតពី​អគ្គិសនី។

លោកបញ្ជាក់បែបនេះ៖ «មនុស្ស​ជាច្រើនបាន​និយាយថា ថាមពលអ៊ីដ្រូសែនគឺល្អណាស់។ យើង​ក៏ប្រាថ្នា​ចង់ឱ្យ​មនុស្ស​ជាច្រើនទៀត យល់ឃើញ​បែបនេះដែរ ព្រោះថា​បើ​ប្រើតែ​រថយន្តអគ្គិសនីសុទ្ធ នឹង​មិនអាច​ធ្វើអ្វីបានប្រសើរនោះទេ ដូច្នេះ​វានៅមិនទាន់មានភាព​ច្បាស់លាស់។ យើងត្រូវការ​បច្ចេកវិទ្យា​ទីពីរ ហើយនោះ​គឺជា អ៊ីដ្រូសែន។»

ចក្ខុវិស័យរបស់ BMW គឺ​នឹង​ផលិត​រថយន្ត​ដើរ​ដោយអ៊ីដ្រូសែន នៅត្រឹម​ឆ្នាំ​២០៣០។ ដើម្បីសម្រេចគោលដៅនេះ ពួកគេ​បាន​បង្កើតក្រុមស្រាវជ្រាវ​ពីអនាគត​របស់​បច្ចេកវិទ្យានេះ ដូច Toyota ដែរ ខណៈមកទល់ពេលនេះ មាន​តែរថយន្ត Toyota Mirai ដែល​ជារថយន្តអ៊ីដ្រូសែនមួយប៉ុណ្ណោះ ដាក់លក់​នៅលើ​ទីផ្សារ។

ក្នុងពិព័រណ៌​រថយន្តមួយនៅឥណ្ឌូណេស៊ី កាលពី​ខែមុន ក្រុមហ៊ុន Toyota បានដាក់តាំង​រថយន្ត​ Corolla Cross H2 ដែលប្រើ​ចំហេះ​អ៊ីដ្រូសែន។ យ៉ាងណាមិញ វាស្ថិតនៅត្រឹមជា Concept នៅឡើយ ហើយ Toyota ក៏បាន​ធ្វើតេស្ត​វាកាលពីខែធ្នូ ឆ្នាំ​២០២២ រួចមកហើយដែរ។ Corolla Cross H2 ប្រើម៉ាស៊ីនចំហេះក្នុង​ Turbo ចំណុះ ១,៦លីត្រ ស៊ីឡាំង៣ ដែល​វាដំណើការ​ដោយ​ដុត​អ៊ីដ្រូសែនក្នុងស៊ីឡាំងនីមួយៗរបស់វា ជំនួសសាំង តាមរយៈ​ប្រ​ព័ន្ធប៊ិច​អ៊ីដ្រូសែន ដែលបូម​ចេញ​ពី​ធុងអ៊ីដ្រូសែន​របស់​រថយន្ត ៕

Most Popular

To Top