បច្ចេកវិទ្យា

Apple នឹងបង្កើនផលិតកម្ម នៅប្រទេសឥណ្ឌាលើស ៥ ដង មានទឹកប្រាក់ដល់ ៤០ ពាន់លានដុល្លារ

ប្រភព ៖ Xinhua

អាមេរិក៖ PTI បានរាយការណ៍ដោយលើកឡើង ពីមន្ត្រីរដ្ឋាភិបាល ដែលខ្លួនមិនបានកំណត់ អត្តសញ្ញាណ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេក វិទ្យាយក្សអាមេរិក Apple Inc គ្រោងនឹងបង្កើនផលិតកម្មក្នុងប្រទេសឥណ្ឌាច្រើនជាង ៥ ដងក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត នេះយោងតាម ការចេញផ្សាយ ពីគេហទំព័រ MSN ។

មន្ត្រីដដែលបានប្រាប់ PTI ថា ក្រុមហ៊ុនបានផលិតលើសពី ៧ ពាន់លានដុល្លារក្នុងឆ្នាំ ហិរញ្ញវត្ថុចុងក្រោយនេះ ហើយកំពុងមានគោលដៅសម្រាប់ទឹកប្រាក់ ៤០ ពាន់លានដុល្លារ។ Apple មិនបានឆ្លើយតបនឹងសំណួរ ដែលបានផ្ញើតាមអ៊ីម៉ែល ក្រៅម៉ោងធ្វើការទេ ។

ក្រុមហ៊ុន Apple ផលិត iPhone នៅប្រទេស ឥណ្ឌា ហើយមានគម្រោងចាប់ផ្តើមផលិត AirPods ផងដែរ នៅឆ្នាំក្រោយ ។ ដំបូងឡើយ ក្រុមហ៊ុនផលិត ទូរស័ព្ទ ដែលមានមូលដ្ឋាន នៅទីក្រុង Cupertino បានដាក់លក់ iPhone 15 ផលិតនៅឥណ្ឌាក្នុងខែនេះ នៅថ្ងៃចេញលក់ ជាសាកលរបស់ខ្លួន ។

លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា របស់ឥណ្ឌា បានប្រាប់ Bloomberg TV កាលពីដើមខែនេះថា ទន្ទឹមនឹងនេះដែរ ប្រទេសនេះកំពុងសម្លឹងមើល ការពង្រីកឧស្សាហកម្មអេឡិចត្រូនិក របស់ខ្លួនដល់ទឹកប្រាក់ ៣០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ ដោយផ្អែកលើការកើនឡើង នៃផលិតកម្មស្មាតហ្វូន និង ការជំរុញជាសកល ដើម្បីកាត់បន្ថយហានិភ័យ នៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅប្រទេសចិន៕
ដោយ៖លី ភីលីព

Most Popular

To Top