យប់មិញនេះ លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បានប្រកាសចេញបច្ចេកវិទ្យាធំៗ៣ ក្នុងព្រឹត្តិការណ៍ Meta Connect នៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ា គឺ បច្ចេកវិទ្យា AI, កាស Quest 3 និង វែនតាវៃឆ្លាត Ray-Ban។
វាជា AI Stickerដែលនឹងត្រូវដាក់នៅលើ Platform របស់ Meta ដូចជា Facebook, Messenger, WhatsApp និង Instagram។ វានឹងបង្កើតចេញដោយខ្លួនវាតែម្តងនូវ customized stickers សម្រាប់ការឆាត និង Stories របស់អ្នកប្រើប្រាស់។ AI tool នឹងបម្លែងអក្សរ (ភាសាអង់គ្លេស) ដែលអ្នកសរសេរ ទៅជារូប Sticker ភ្លាមៗជាមួយគុណភាពខ្ពស់។ ក្រៅពីនេះ វាក៏មានមុខងារកែរូបភាពជាមួយ AI និងអាចផ្លាស់ប្តូរ background រូបភាពរបស់អ្នកទៀតផង ដោយផ្លាស់ប្តូរតាមអ្វីដែលអ្នកបានសរសេរ។ វាក៏មាន AI ChatBot ផងដែរ។
កាស Quest 3
កាសនេះត្រូវបានធ្វើឱ្យប្រសើរឡើងជាងមុន ដោយអាចមើលឃើញរួមគ្នាទាំងទិដ្ឋភាពពិត (AR) និងសិប្បនិម្មិត (VR) ឬហៅថា ទិដ្ឋភាពចម្រុះ (Mixed Reality) ជាលើកដំបូង ក្នុងពេលពាក់កាស Quest 3 នេះ ដើម្បីលេងហ្គេម មើលវីដេអូ ឬរុករកពិភព Metaverse ជាដើម។ ជាមួយបច្ចេកវិទ្យាកាសថ្មីនេះ អ្នកក៏អាចបង្កើតផ្ទាំងរោងកុនសិប្បនិម្មិត ដើម្បីទស្សនាខ្សែភាពយន្តផងដែរ។
វែនតាវៃឆ្លាត Ray-Ban
លក្ខណៈពិសេសបំផុតរបស់វែនតានេះ គឺមានសមត្ថភាពអាច live streaming បានជាលើកដំបូង។ វាធ្វើការលឿន និងដំណើរការបម្លែងរូបភាពប្រសើរជាងមុន ព្រមទាំងការថតវីដេអូរក្សាលំនឹងបានយ៉ាងល្អ ។ ក្រៅពីនេះ វាក៏មានមុខងារបញ្ជាដោយប្រើសំឡេងផងដែរ។ ឧទាហរណ៍នៅពេលអ្នកនិយាយ «Hey Meta, Send Photo to Heidi» នោះវែនតានេះនឹងថតរូបភាព ហើយផ្ញើទៅឈ្មោះនោះដោយផ្ទាល់ក្នុង app ដែលអ្នកតែងតែឆាតជាមួយ ដោយមិនចាំបាច់ដកទូរសព្ទចេញពីហោប៉ៅនោះទេ ។ វែនតាវៃឆ្លាតនេះ ក៏ស្រូបសំឡេងបានយ៉ាងច្បាស់ល្អ ដោយបំពាក់មកជាមួយមីក្រូហ្វូនចំនួន៥ឯណោះ ៕