រុស្ស៊ី ៖ នេះបើយោងតាមការ ចុះបញ្ជីសាជីវកម្មផ្លូវការមួយ បានបង្ហាញ កាលពីថ្ងៃអង្គារឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសេវាកម្មអ៊ីនធើណេតយក្ស របស់ប្រទេសរុស្ស៊ី VK Group បានផ្លាស់ប្តូរជាផ្លូវការ នូវយុត្តាធិការ នៃអាជីវកម្មរបស់ខ្លួនត្រឡប់ ទៅប្រទេសរុស្ស៊ីវិញ នាពេលបច្ចុប្បន្ននេះ ។
ក្រុមហ៊ុននេះបានផ្លាស់ប្តូរ ទីលំនៅពីកោះ British Virgin ទៅកាន់តំបន់រដ្ឋបាលពិសេស (SAR) នៅលើកោះ Oktyabrsky ក្នុងតំបន់ Kaliningrad នៃប្រទេសរុស្ស៊ី ត្រូវបានគេចាត់ទុកថា ជាតំបន់មួយ ក្នុងចំណោមតំបន់ឈូងសមុទ្រ របស់ប្រទេសរុស្ស៊ី ។ VK Group ដែលជាម្ចាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយ សង្គមឈាន មុខគេរបស់រុស្ស៊ី VKontakte នឹងបន្តប្រតិបត្តិការនៅក្នុង SAR ជាក្រុមហ៊ុនភាគហ៊ុនសាធារណៈអន្តរជាតិ (IPJSC) ។
ក្រុមប្រឹក្សាភិបាល របស់ VK ដំបូងបានអនុម័តការតាំងទីលំនៅថ្មីទៅប្រទេសរុស្ស៊ីវិញ កាលពីខែកុម្ភៈ ។ កាលខែសីហា ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនបានប្រកាសជាផ្លូវការ នូវការសម្រេចចិត្ត របស់ពួកគេក្នុងការបញ្ចប់ ប្រតិបត្តិការនៅកោះ British Virgin Islands ហើយត្រលប់ទៅប្រទេសរុស្ស៊ីវិញ ។
ក្រុមប្រឹក្សាភិបាល បានពន្យល់ ពីការសម្រេចចិត្ត ដោយកត់សម្គាល់ថា ភាគច្រើន នៃទ្រព្យសកម្មរបស់ VK គឺផ្អែកលើ និងបង្កើតប្រាក់ចំណូល ក្នុងប្រទេសរុស្ស៊ី ។ កាលពីឆ្នាំមុន ប្រធាន VK លោក Vladimir Kiriyenko បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការ លើយុទ្ធសាស្រ្តអាជីវកម្ម រយៈពេលវែងថ្មី មួយនឹងគិតគូរពីការ ដាក់កំហិតខាងក្រៅ ដោយសំដៅទៅលើការដាក់ទណ្ឌកម្មលោកខាងលិច ទាក់ទងនឹងអ៊ុយក្រែន លើប្រទេសរុស្ស៊ី និងក្រុមហ៊ុនរបស់ខ្លួន ។
លោក Kiriyenko ខ្លួនឯង ត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីឆ្នាំមុន ដែលបានជំរុញឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ដកកម្មវិធីរបស់ VK ចេញពី App Store របស់ខ្លួនជាបណ្តោះអាសន្ននៅពាក់កណ្តាលឆ្នាំ ២០២២ ៕
ដោយ៖លី ភីលីព