អាមេរិក ៖ លោក Jamie Dimon នាយកប្រតិបត្តិ របស់ JPMorgan បានលើកឡើងថា បញ្ញាសិប្បនិមិត្ត (AI)នឹងធ្វើឲ្យប្រសើរឡើង នូវគុណភាពជីវិត សម្រាប់កម្មករជំនាន់ក្រោយយ៉ាងច្រើន ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា បច្ចេកវិទ្យានេះអាចធ្វើឲ្យមនុស្ស មួយចំនួនបាត់បង់ការងារ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
បទសម្ភាសន៍ជាមួយ Bloomberg ដែលចាក់ផ្សាយនៅសប្តាហ៍នេះ លោក Dimon បានបន្តថា AI នឹងជាផ្នែកមួយ នៃដំណើរការនីមួយៗ ដោយបន្ថែមថា បច្ចេកវិទ្យានេះ កំពុងត្រូវបានប្រើប្រាស់ដោយបុគ្គលិករាប់ពាន់នាក់ នៅធនាគាររបស់លោករួចហើយ ។ លោក Dimon បានអះអាងថា កូនរបស់អ្នកនឹង រស់នៅដល់ ១០០ ហើយមិនមានជំងឺមហារីក ដោយសារតែបច្ចេកវិទ្យា ។ ហើយតាមពិតពួកគេប្រហែលជានឹងធ្វើការ ៣ ថ្ងៃកន្លះក្នុងមួយសប្តាហ៍។
យោងតាមរបាយការណ៍ ដោយដកស្រង់ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Evident JPMorgan មានមូលដ្ឋាន នៅទីក្រុងញូវយ៉ក បានផ្សាយពាណិជ្ជកម្ម សម្រាប់តួនាទីទាក់ទង នឹង AI ជាង ៣,៥០០ នៅចន្លោះខែកុម្ភៈដល់ខែមេសាឆ្នាំនេះ ។ លោក Dimon បាននឹងកំពុងពណ៌នាអំពី AI ថា ជាតម្រូវការដាច់ខាត ដោយអះអាងថា វាមានសារសំខាន់ចំពោះភាពជោគជ័យ នាពេលអនាគតរបស់ក្រុមហ៊ុនលោក ។
ទោះយ៉ាងណាក៏ដោយ នាយកប្រតិបត្តិបានព្រមាន អំពីហានិភ័យដែលពាក់ព័ន្ធមួយចំនួន រួមទាំងការជំនួសការងារ ។ លោក Dimon បានបន្ថែមថា បច្ចេកវិទ្យាបានធ្វើរឿងដែលមិនគួរឲ្យជឿសម្រាប់មនុស្សជាតិ ប៉ុន្តែអ្នកដឹងទេថា យន្តហោះធ្លាក់ ឱសថត្រូវបានប្រើប្រាស់ខុស វាមានចុណិចអវិជ្ជមាន។ លោកបានបន្ថែមទៀតថា នេះជាចំណុចអវិជ្ជមានដ៏ធំបំផុតក្នុងការយល់ឃើញរបស់ខ្ញុំគឺ AI ត្រូវបានមនុស្សអាក្រក់ប្រើ ដើម្បីធ្វើរឿងអាក្រក់៕
ដោយ៖លី ភីលីព
ប្រភព ៖ Xinhua