បច្ចេកវិទ្យា

Google ប្រកាសថា នឹងផលិតទូរស័ព្ទដៃចល័ត នៅក្នុងទឹកដីឥណ្ឌា

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Google បានប្រកាសពីការផលិតទូរស័ព្ទចល័តនៅក្នុងប្រទេសឥណ្ឌា ដោយចាប់ផ្តើមជាមួយនឹងម៉ូដែល Pixel 8 ។

ក្រុមហ៊ុនបានឲ្យដឹងថា ឧបករណ៍ទាំងនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់នៅលើទីផ្សារនៅឆ្នាំក្រោយនេះហើយ ។

លោក Rick Osterloh បានបញ្ជាក់ថា “ទើបតែបានប្រកាសរបស់ក្រុមហ៊ុនសម្រាប់ប្រទេសឥណ្ឌា ហើយបានលើកឡើងអំពីផែនការរបស់យើងក្នុងការផលិតស្មាតហ្វូន Pixel នៅក្នុងប្រទេសឥណ្ឌា ដែលមានបំណងចាប់ផ្តើមជាមួយនឹង Pixel 8 ហើយរំពឹងថា ឧបករណ៍ទាំងនេះនឹងចាប់ផ្តើមដាក់លក់នៅឆ្នាំ២០២៤ ដោយចូលរួមជាមួយគំនិតផ្តួចផ្តើម ហៅថា “Make in India” របស់ប្រទេសឥណ្ឌា” ក្រុមហ៊ុន Google តំណាងនៅក្នុងប្រទេសឥណ្ឌាបានបង្ហោះសារនៅលើបណ្តាញ X ដែលកាលពីមុនត្រូវបានគេស្គាល់ថា ជាបណ្តាញសង្គម Twitter ថាយ៉ាងដូច្នេះ ។

គួររំលឹកថា ទូរស័ព្ទម៉ូដែល Pixel 8 របស់ក្រុមហ៊ុន Google ត្រូវបានដាក់គេបង្ហាញកាលពីដើមខែនេះ ។

លោក Rick Osterloh អនុប្រធានជាន់ខ្ពស់នៃនាយកដ្ឋានឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Google បានលើកឡើងថា “ថ្ងៃនេះយើងឃើញឱកាសកាន់តែអស្ចារ្យក្នុងការធ្វើឱ្យស្មាតហ្វូន Pixel អាចរកបានសម្រាប់មនុស្សកាន់តែច្រើននៅក្នុងប្រទេសឥណ្ឌា ហើយមានក្តីរំភើបយ៉ាងខ្លាំងក្នុងការប្រកាសអំពីផែនការរបស់យើងក្នុងការផលិតស្មាតហ្វូន Pixel នៅក្នុងប្រទេសឥណ្ឌា” ។

លោកបានថ្លែងទៀតថា “យើងមានបំណងចាប់ផ្តើមជាមួយ Pixel 8 ហើយនឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតក្នុងស្រុក និងអន្តរជាតិ ដើម្បីផលិតស្មាតហ្វូន Pixel នៅក្នុងស្រុក” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top