បច្ចេកវិទ្យា

មហាសេដ្ឋីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ប្រាប់ប្រជាជនឥណ្ឌាឲ្យធ្វើការ ១២ ម៉ោងក្នុងមួយថ្ងៃ

AFP

ឥណ្ឌា៖លោក Narayana Murthy ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Infosys បានបង្កឲ្យមានភាពចម្រូងចម្រាសក្នុងសប្តាហ៍នេះ នៅពេលលោកបានស្នើថា ក្មេងៗនៅប្រទេសឥណ្ឌាគួរតែធ្វើការយ៉ាងហោចណាស់ ៧០ ម៉ោងជារៀងរាល់សប្តាហ៍ ខណៈលោកបានសោកស្ដាយចំពោះផលិតភាពការងារទាបរបស់ប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។


លោកMurthy បាននិយាយលើ Podcast មួយថា ក្មេងៗរបស់យើងត្រូវតែនិយាយថា នេះជាប្រទេសរបស់ខ្ញុំ ខ្ញុំចង់ធ្វើការ ៧០ ម៉ោងក្នុងមួយសប្តាហ៍។ នេះគឺជាអ្វីដែលអាល្លឺម៉ង់ និងជប៉ុនបានធ្វើនៅក្រោយសង្រ្គាមលោកលើកទី ២ លោកបានកត់សម្គាល់ថា យុវជនក្នុងប្រទេសឥណ្ឌាមានទម្លាប់យកទម្លាប់មិនគួរឲ្យចង់បានពីលោកខាងលិច ហើយបន្ទាប់មកមិនជួយប្រទេស។


លោក Murthy បានបន្តថា លុះត្រាតែប្រទេសឥណ្ឌាកែលម្អផលិតភាពការងាររបស់ខ្លួន កាត់បន្ថយអំពើពុករលួយនៅក្នុងរដ្ឋាភិបាល និងកាត់បន្ថយការពន្យារពេលក្នុងការិយាធិបតេយ្យក្នុងការសម្រេចចិត្ត នោះវានឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសមានការរីកចំរើនយ៉ាងខ្លាំងនោះទេ។ ស្ថាបនិក Infosys បានអះអាងថា នេះជាលើកទីមួយហើយប្រទេសឥណ្ឌាទទួលបានការគោរពមួយចំនួនដោយបន្ថែមថាពេលនេះជាពេលវេលាដើម្បីបង្រួបបង្រួមនិងពន្លឿនការរីកចម្រើន។


ការអត្ថាធិប្បាយរបស់លោក Murthy បានបង្កឲ្យមានការជជែកដេញដោលគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីភាពផ្ទុយគ្នាស្រឡះក្នុងការរំពឹងទុកនៃកម្លាំងការងារវ័យក្មេងរបស់ប្រទេស និងអ្នកដឹកនាំក្រុមហ៊ុន បានមើលឃើញពីការលេចឡើងរបស់ប្រទេសឥណ្ឌាក្នុងនាមជាអ្នកលេងសកលលោកដ៏មានឥទ្ធិពល ជាពិសេសវិស័យដូចជា ការអភិវឌ្ឍន៍ព័ត៌មានវិទ្យា និងដំណើរការអាជីវកម្មខាងក្រៅ។


ខណៈអ្នកដឹកនាំអាជីវកម្មមួយចំនួនបានសម្តែងការគាំទ្រចំពោះទស្សនៈរបស់ Murthy មនុស្សជាច្រើនបានរិះគន់ពួកគេ ដោយបង្កើនការព្រួយបារម្ភអំពីភាពខុសគ្នានៃប្រាក់ចំណូល និងតុល្យភាពជីវិតការងារ៕

ដោយ៖លី ភីលីព

Most Popular

To Top