មកដល់បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV Sedan វ៉ែន និងភីកអាប់ ពិសេសនៅកម្ពុជា គឺស្ទើរតែទាំងអស់ហើយដែលប្រើលេខអូតូ គឺមិនមានប្រើប្រាស់លេខដៃនោះទេ នេះគឺមិននិយាយពីរថយន្តធំៗ ដែលតម្រូវដាច់ខាត ត្រូវប្រើលេខដៃឡើយ។ យើងក៏ជឿជាក់ផងដែរថា បើទោះជាលោកអ្នកចេះបើករថយន្តលេខដៃក៏ដោយ ក៏នឹងមិនទិញរថយន្តលេខដៃដែរ ពោលគឺប្រាកដជាទិញរថយន្តលេខអូតូជាក់ជាមិនខាន។
ទាំងរថយន្តលេខអូតូ និងលេខដៃ គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ប៉ុន្តែមានចំណុចធំៗមួយចំនួន ដែលគេពេញនិយមប្រើប្រាស់លេខអូតូជាងលេខដៃ។ ចំណុចទាំងនោះមានដូចជា៖
ស្រួលបើក ៖ អ្នកបើកបរប្រើតែជើងមួយប៉ុណ្ណោះ សម្រាប់ជាន់ហ្គែរ និងហ្វ្រាំង។ លេខអូតូ ងាយស្រួលបើកដោយមិនចាច់ត្រូវដាក់លេខច្រើនដងតាមល្បឿនរថយន្តនោះទេ ពោលគឺគ្រាន់តែជាន់ហ្គែរតិច ឬខ្លាំង នោះម៉ាស៊ីនរបស់នឹងដំណើរការដោយស្វ័យប្រវត្តិ។
ទីផ្សារ៖ ក្រុមហ៊ុនភាគច្រើនបំផុត គឺផលិតរថយន្តប្រើលេខអូតូ ដោយសារតែតម្រូវការរបស់អ្នកប្រើប្រាស់។ បើនិយាយដោយឡែកសម្រាប់នៅកម្ពុជា ភាគច្រើនរថយន្ត Sedan, SUV និងភីកអាប់ គឺសុទ្ធតែលេខអូតូ លើកលែងតែរថយន្តភីកអាប់ស៊េរីចាស់ៗមួយចំនួនដែលនៅប្រើលេខដៃ ម្លោះហើយពួកគេត្រូវតែទិញរថយន្តលេខអូតូ ហើយម្យ៉ាងក៏ស្រួលលក់ចេញវិញផងដែរ។
បច្ចេកវិទ្យា៖ ដោយសារតែការប្រកួតប្រជែងលើបច្ចេកវិទ្យារថយន្ត ធ្វើឱ្យរថយន្តទំនើបថ្លៃៗបច្ចុប្បន្ន កាន់តែមានប្រអប់លេខច្រើនវគ្គ ហើយបំពាក់កាប់ពីតាស់ទៀតនោះ គឺអាចបើកគ្រប់ស្ថានភាពផ្លូវដោយរលូន មិនថាឡើងភ្នំ ជាប់ផុង ចុះទឹក ឬបើកលើខ្សាច់នោះទេ។
សុវត្ថិភាព៖ ការបើកបររថយន្តលេខអូតូ គឺមានសុវត្ថិភាពជាងរថយន្តលេខដៃ ដោយអ្នកបើកបរអាចផ្តោតអារម្មណ៍ទៅលើផ្លូវបានច្រើន ព្រោះអ្នកបើកលេខដៃ ត្រូវគិតពីការដាក់បញ្ចូលលេខផង ជាន់អំប្រ៊ីយ៉ា និងជាន់ហ្គែរ ឬហ្វ្រាំងផង ដែលត្រូវបែងចែកអារម្មណ៍ច្រើន។
មិនពិបាកជាន់អំប៊្រីយ៉ា ពេលស្ទះចរាចរណ៍ ៖ អ្នកបើកបររថយន្តលេខអូតូ មិនមានបញ្ហាចុកជើងដូចអ្នកបើកបររថយន្តលេខដៃ ដែលត្រូវជាន់អំប្រ៊ីយ៉ាជាប់ ពេលស្ទះផ្លូវ ឈប់ស្តុប ឬលើផ្លូវចង្អៀតនោះទេ។
តែទោះជាយ៉ាងណា ការប្រើប្រាស់រថយន្តលេខអូតូ ក៏មានគុណវិបត្តិផងដែរ បើប្រៀបធៀបនឹងរថយន្តលេខដៃ ដូចជា ស៊ីសាំង និងមានតម្លៃថ្លៃជាង ហើយការជួសជុលក៏រាងសាំញាំជាងលេខដៃដែរ ។ ប៉ុន្តែបញ្ហាទាំងនេះ មិនដែលត្រូវបានអ្នកប្រើប្រាស់គិតគូរឡើយ៕