ក្រុមហ៊ុន Tesla បានចាប់ផ្តើមផ្តោត ទៅលើការផលិតរថយន្តអគ្គិសនី តម្លៃធូរថ្លៃដែរហើយ បន្ទាប់ពីមើលឃើញរថយន្តរបស់ក្រុមហ៊ុនចិន ជាពិសេសគឺ BYD កំពុងឡើងកូដខ្លាំង ។
ស្ថាបនិក Tesla លោក Elon Musk បានប្រកាសក្នុងអំឡុងពេល ទៅទស្សនកិច្ចរោងចក្រយក្ស របស់ក្រុមហ៊ុនលោកនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុនថា រថយន្តតម្លៃ ២៥ ០០០អឺរ៉ូ ឬប្រហែលជិត ២៧ ០០០ដុល្លារ នឹងត្រូវផលិតក្នុងរោងចក្រមួយនេះ ។
បច្ចុប្បន្នរថយន្ត Model 3 គឺជារថយន្តធូរថ្លៃជាងគេបំផុត និងលក់ដាច់បំផុតរបស់ Tesla នៅអឺរ៉ុប តម្លៃ ៤៦ ២០០ដុល្លារ។
យ៉ាងណាមិញ លោក Elon Musk មិនបានបញ្ជាក់ពីពេលវេលា នៃការផលិតរថយន្តតម្លៃធូរថ្លៃនេះ ឡើយ ប៉ុន្តែគេរំពឹងថា វានឹងអាចត្រូវបានផលិ នៅដើមឆ្នាំក្រោយ ។
គួរដឹងថា ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ Tesla នៅតែនាំមុខគេក្នុងការលក់រថយន្តអគ្គិសនី ជាមួយនឹងចំនួន ៤៣៥ ០៥៩គ្រឿង (កើនឡើង ២៧%) ប៉ុន្តែត្រូវបាន BYD ប៊ិះតាមទាន់ ដោយលក់បាន ៤៣១ ៦០៣គ្រឿង (កើនឡើង ៦៧%)។ នេះគឺជាចំនួនលក់ដែលស្ទើរតែស្មើគ្នារវាង Tesla និង BYD ជាលើកដំបូង។ បន្ទាប់ពីគឺ Volkswagen លក់បានចំនួន ២០៩ ៣៩៤គ្រឿង (កើនឡើង៤១%)។
បើគិតក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៣នេះ Tesla លក់បានចំនួនជាង ១,៣លានគ្រឿង (កើនឡើង ៤៦%), BYD ជាង ១,០៤លានគ្រឿង (កើនឡើង ៨០%) និង Volkswagen ជាង ៥៣ម៉ឺនគ្រឿង ៕