បច្ចេកវិទ្យា

សោកស្តាយ ​សម្រាប់​ស្មាតហ្វូន Android ដែល​បាត់​បង់ឱកាស​បំពាក់ឈីប ​ភ្ជាប់ផ្កាយរណប តាមលែងទាន់ iPhone និង Huawei ហើយ

ការភ្ជាប់​ទំនាក់​ទំនង​របស់​ស្មាតហ្វូន ​ជាមួយផ្កាយរណប ​នៅតំបន់គ្មានសេវា (SOS) បានក្លាយ​ជាបច្ចេកវិទ្យា​ថ្មី ​នៃទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន បន្ទាប់ពី Apple បាន​បញ្ចេញ ​ iPhone 14 កាលពីឆ្នាំមុន ។ បន្ទាប់មក ក្រុមហ៊ុនស្មាតហ្វូនដទៃ ​ក៏ព្យាយាមពង្រីក​បច្ចេកវិទ្យា​នេះ តាម Apple ដែរ តាមរយៈក្រុម ហ៊ុនឈីប Qualcomm ។ ជាមួយគ្នានោះ Huawei ក៏ទើបតែបានបញ្ចេញ Mate 60 Pro ដែល​បំពាក់​ឈីប Kirin 9000s ក្នុងការអនុញ្ញាតឱ្យស្មាតហ្វូន​នេះ​អាច​ខល តាម​ប្រព័ន្ធផ្សាយ រណបផងដែរ ។

យ៉ាងណាមិញ គួរឱ្យសោកស្តាយ​បំផុត​សម្រាប់ស្មាតហ្វូន Android ដែលភាគច្រើនបំផុត​ប្រើឈីប Snapdragon របស់ Qualcomm ព្រោះថា​ក្រុមហ៊ុនឈីបអាមេរិកនេះ បាន​ចែកផ្លូវគ្នា​ជាមួយក្រុមហ៊ុន ផ្កាយរណប Iridium ហើយ។ មានន័យថា ស្មាតហ្វូន​ដែលប្រើឈីប Snapdragon គឺមិនទាន់មានបច្ចេកវិទ្យា​ ដែលអាចភ្ជាប់ផ្កាយរណប​ នៅតំបន់គ្មាន​សេវាឡើយ។

ការពិតទៅ ក្រុមហ៊ុន Qualcomm បាន​បញ្ចេញ​ឈីប Snapdragon 8 Gen 2 ដែល​អាច​ឱ្យស្មាតហ្វូន ​ភ្ជាប់ផ្កាយរណប​បាន ដោយគ្រាន់តែតម្រូវ ឱ្យក្រុមហ៊ុនស្មាតហ្វូន​បន្ថែមអង់តែន ​ក្នុងស្មាតហ្វូនរបស់ខ្លួន។ ប៉ុន្តែ​ដោយសារ​ការបញ្ចប់ កិច្ចព្រមព្រៀង​រវាង​ Qualcomm និង Iridium ទើបមិនអាច​ធ្វើឱ្យ​វា​ចេញជារូបរាងប្រើប្រាស់បានឡើយ ៕

Most Popular

To Top