រថយន្តអគ្គិសនី បានបាត់បង់តម្លៃជាងគេបំផុត បន្ទាប់ពីប្រើប្រាស់រយៈពេល ៥ឆ្នាំ បើប្រៀបធៀបនឹងរថយន្តប្រើចំហេះក្នុង សាំង-ម៉ាស៊ូត ឬរថយន្ត Hybrid។ នេះបើតាមការសិក្សាថ្មីមួយ របស់ក្រុមហ៊ុន iSeeCars ។
ការសិក្សានេះ ធ្វើឡើងទៅលើរថយន្តចំនួន ១,១លានគ្រឿង ដែលលក់នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ដោយរកឃើញថា រថយន្តអគ្គិសនីបានធ្លាក់ថ្លៃ ៤៩,១% បន្ទាប់ពីប្រើប្រាស់រយៈពេល ៥ឆ្នាំ ខណៈទីផ្សាររថយន្តជាមធ្យមធ្លាក់ ចុះតម្លៃតែ ៣៨,៨% ប៉ុណ្ណោះ។
ជាឧទាហរណ៍ សម្រាប់រថយន្ត Tesla Model S ធ្លាក់ថ្លៃខ្លាំងបំផុតដល់ ៥៥,៥ % ក្រោយប្រើបាន ៥ឆ្នាំ ខណៈ Model 3 ធ្លាក់ថ្លៃទាបជាងគេក្នុងចំណោមរថយន្តអគ្គិសនីរបស់ Tesla នៅអត្រា ៤២,៩%។
ការពិតទៅ វាមានមូលហេតុ ជាច្រើនដែលបណ្តាលឱ្យរថយន្តអគ្គិសនី ធ្លាក់ថ្លៃខ្លាំង។ ក្នុងនោះមូលហេតុធំជាងគេ គឺអាគុយតែម្តង ដោយសារតែវាមានអាយុ កាលកំណត់ និងតម្លៃខ្ពស់ ។ ជាទូទៅ អាគុយរថយន្តអគ្គិសនី ប្រើបានត្រឹមតែ ៨ឆ្នាំប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរចេញ ហើយសមត្ថភាពនៃការសាកភ្លើង ក៏ធ្លាក់ចុះប្រមាណ ២% ក្នុងមួយឆ្នាំផងដែរ ។ ដូច្នេះ មនុស្សជាច្រើនមិនចង់ទិញរថយន្តអគ្គិសនីមួយទឹកមកប្រើប្រាស់ឡើយ ដោយសារតែបារម្ភពីបញ្ហាអាគុយនេះឯង ។
យើងសូមលើកករណីជាក់ស្តែងមួយ គឺអាគុយប្រភេទថ្មីទំហំ ២២៩គីឡូវាត់ម៉ោង ដែលបំពាក់លើរថយន្ត Ram 1500 REV 2025 មានតម្លៃរហូតដល់ជាង ២ម៉ឺន ៥ពាន់ដុល្លារ ។ តម្លៃអាគុយនេះ គឺសឹងតែស្មើនឹងរថយន្ត Toyota Prius 2024 ដែលមានតម្លៃចាប់ពីជាង ២ម៉ឺន ៧ពាន់ដុល្លារទៅហើយ ក្នុងទីផ្សារអាមេរិក ។ បន្ទាប់មកគឺអាគុយទំហំ ២០០គីឡូវ៉ាត់ម៉ោង ដែលបំពាក់លើរថយន្ត Cadillac Escalade IQ 2025 មានតម្លៃជាង ២ម៉ឺន ២ពាន់ដុល្លារ។ ក្រៅពីនេះ អាគុយទំហំ ១៣៥គីឡូវ៉ាត់ម៉ោង បំពាក់លើរថយន្ត Rivian Amazon Delivery Van 2022 មានតម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ និងអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង បំពាក់លើរថយន្ត Tesla Model S 2023 មានតម្លៃជាង ១ម៉ឺន ២ពាន់ដុល្លារ ៕