ឥណ្ឌា ៖ ក្រុមហ៊ុន Tesla គ្រោងនឹងបង្កើនការ នាំចូលគ្រឿងបន្លាស់ពីប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដែលី បានប្រកាសកាលពីថ្ងៃអង្គារ ចំពេលមានរបាយការណ៍ថា ប្រជាជាតិអាស៊ីខាងត្បូង កំពុងស្វែងរកការលើកទឹកចិត្តក្រុមហ៊ុន ផលិតរថយន្តឲ្យបង្កើតរោងចក្រ ផលិតក្នុងប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា Piyush Goyal បានទៅទស្សនារោងចក្ររបស់ក្រុមហ៊ុន Tesla នៅ Fremont រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារជាផ្នែកនៃដំណើរទស្សនកិច្ចទូលំទូលាយនៅសហរដ្ឋអាមេរិក ។ បន្ទាប់ពីដំណើរកម្សាន្តទៅកាន់រោងចក្រនេះ លោកបានសរសេរនៅលើ X (អតីត Twitter) ថា ក្រុមហ៊ុនកំពុងស្ថិតនៅលើផ្លូវរបស់ខ្លួន ដើម្បីបង្កើនការនាំចូលគ្រឿង បន្លាស់ពីប្រទេសឥណ្ឌាទ្វេដង ។
ការប្រកាសដដែល លោក Goyal ក៏បាននិយាយថា លោករីករាយដែលឃើញវិស្វករឥណ្ឌា និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុធ្វើការក្នុងមុខតំណែងជាន់ខ្ពស់ និងរួមចំណែកដល់ដំណើរគួរឲ្យកត់សម្គាល់របស់ Tesla ។ កាលពីខែកញ្ញា លោក Goyal បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) កំពុងស្វែងរកគ្រឿងបន្លាស់មានតម្លៃប្រហែល ១.៩ ពាន់លានដុល្លារពីប្រទេសឥណ្ឌានៅឆ្នាំនេះ បើធៀបនឹង ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
លោកបានបន្តថា រដ្ឋាភិបាលឥណ្ឌាចង់បានការ វិនិយោគបន្ថែមទៀត និងទិន្នផលរថយន្ត EV កាន់តែច្រើនក្នុងប្រទេស។ នាពេលអនាគតដ៏ខ្លីខាងមុខ ក្នុងគោលបំណង ទទួលបានអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចនៃទំហំបច្ចេកវិទ្យាថ្មី ។
លោក Goyal ត្រូវបានគេសន្មត់ថា នឹងជួបជាមួយ Elon Musk នាយកប្រតិបត្តិ Tesla ប៉ុន្តែមហាសេដ្ឋីបានដកខ្លួនចេញ ពីការភ្ជាប់ពាក្យ ដោយសារតែគាត់មិនស្រួលខ្លួន។ ឆ្លើយតបទៅនឹងការបង្ហោះ របស់ Goyal លោក Musk បានសុំទោសដែលមិនអាចជួបលោកដោយផ្ទាល់ ៕
ដោយ៖លី ភីលីព