បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ជួលស្ថាបនិក OpenAI មកធ្វើការឲ្យ

រូបភាពពី៖​ XINHUA

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានជួលស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិមិត្តទំនើប OpenAI លោក Sam Altman និងលោក Greg Brockman ជាប្រធានក្រុមស្រាវជ្រាវ AI កម្រិតខ្ពស់ថ្មី ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកទាំង២បានចាកចេញពីក្រុមហ៊ុនដែលពួកគេបានបង្កើតឡើងកាលឆ្នាំ ២០១៥។

កាលពីសប្តាហ៍មុន លោក Altman ជាអតីតនាយកប្រតិបត្តិនៃ OpenAI ត្រូវបានបណ្តេញចេញពីតំណែងក្នុងកាលៈទេសៈដែលនៅតែមិនច្បាស់លាស់ ដោយក្រុមប្រឹក្សារបស់ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមិនមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនងរបស់លោកជាមួយក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនមានការពន្យល់បន្ថែមទេ។

ពីមុនក្រុមហ៊ុន Microsoft បានបណ្តាក់ទុនរាប់ពាន់លានដុល្លារទៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ ChatGPT របស់ OpenAI បានក្លាយជាឧបករណ៍ AI ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកចាប់តាំងពីវាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន។ ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងនោះមានភាពស្និទ្ធស្នាលខ្លាំង នៅពេល OpenAI ប្រកាសពីការចាកចេញរបស់លោក Altman កាលពីថ្ងៃសុក្រ ភាគហ៊ុនក្នុងក្រុមហ៊ុន Microsoft បានធ្លាក់ចុះជិត ២ ភាគរយ។

សេចក្តីថ្លែងការណ៍បានចេញផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថា ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តចំពោះភាពជាដៃគូរបស់យើងជាមួយ OpenAI និងមានទំនុកចិត្តលើផែនទីបង្ហាញផ្លូវផលិតផលរបស់យើង យើងទន្ទឹងរង់ចាំដើម្បីស្គាល់នាយកប្រតិបត្តិថ្មី លោក Emmett Shear និងភាពជាអ្នកដឹកនាំថ្មីរបស់ OAI ជាក្រុម និងធ្វើការជាមួយពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top