យើងបានស្គាល់ពាក្យ ប៉ុង១ និងប៉ុង២ រួចមកហើយ ជាពិសេសបើលោកអ្នកសម្រេចចិត្តទិញ រថយន្តប្រភេទ SUV ឬ ភីកអាប់ ប្រាកដជាគិតអំពីរឿងនេះផងដែរ ក្នុងជម្រើសរថយន្ត ថាតើគួរយកមួយណា ។ សម្រាប់ប្រជាជនកម្ពុជា ការជ្រើសរើសយករថយន្តប្រើប៉ុង១ ឬ ប៉ុង២ គឺគិតទៅលើតម្លៃ កម្រិតស៊ីសាំង ទីផ្សារ ការជួសជុល ដែលរថយន្តប៉ុង២ ចំណាយច្រើនជាង ប៉ុង១ ប៉ុន្តែរថយន្តប៉ុង២ បើកបរមានលំនឹងជាង ស្ទុះជាង និងងាយស្រួលរត់ជាងប៉ុង១ ។

តើលោកអ្នកមានចម្ងល់ទេ ហេតុអ្វីរថយន្តខ្លះប្រើប៉ុង១ ខ្លះប្រើប៉ុង២ ។ ការពិតទៅ ប្រព័ន្ធបើកបររថយន្ត ឬប៉ុងរថយន្តមាន៤ប្រភេទផ្សេងគ្នាគឺ៖
១. រត់កង់ទាំងអស់ (All Wheel Drive – AWD) ឬហៅថា ប៉ុង២

ជាប្រព័ន្ធដែលប្រើស្ពឺ ៣ រួមមានមុខ ក្រោយ និង កណ្ដាល ដើម្បីផ្ដល់កម្លាំងដល់កង់ទាំង ៤ របស់រថយន្ត។ ប្រព័ន្ធនេះ ត្រូវបានគេនិយមប្រើលើរថយន្ត SUV ខ្នាតតូចៗដូចជា Higlander និង CR-V ជាដើម ហើយរចនាសម្រាប់ប្រើលើផ្លូវធម្មតា ឬ ប្រើលើផ្លូវផុកម្ដងម្កាល។ ប៉ុង២ មានកម្លាំងទប់ខ្លាំងជាងពីរដងនៃ 4×4 ដែលអាចផ្ដល់សុវត្ថិភាព បានកាន់តែខ្ពស់ ក្នុងករណីត្រូវឈប់ភ្លាមៗ ឬ បត់ភ្លាមៗ។
២. រត់កង់ខាងមុខ (Front Wheel Drive – FWD) ឬហៅថា ប៉ុងមុខ

ត្រូវបានរចនាឡើង ដោយចំណាយតិចលើការផលិត មានទំហំធំទូលាយ និងស្រាលជាងប៉ុងផ្សេងៗ។ វាមានកម្លាំងអូសទាញជាងប៉ុងក្រោយ និងល្អសម្រាប់ការបើកឡើងជម្រាល ពីព្រោះទម្ងន់ម៉ាស៊ីនពឹងផ្អែកលើកង់មុខ។
៣. រត់កង់ខាងក្រោយ (Rear Wheel Drive – RWD) ឬហៅថា ប៉ុងក្រោយ

ភាគច្រើនប្រើលើរថយន្តភីកអាប់ និងរថយន្តដឹកទំនិញ ស្ព័រ និង Sedan ទំនើបៗកម្លាំងខ្លាំង។ ប្រព័ន្ធនេះ មានចង្កូតដែលងាយស្រួលបញ្ជាជាពិសេសលើរថយន្តកម្លាំងខ្លាំងៗ ហើយអាចទ្រាំទ្រទម្ងន់រថយន្តបានស្មើគ្នាល្អ (មុខ ៥០% និង ក្រោយ ៥០%) ដែលអាចរក្សាលំនឹងបានល្អ ល្អសម្រាប់ការដឹកឥវ៉ាន់ធ្ងន់ៗ។ យ៉ាងណាក្ដីរថយន្តប្រភេទនេះមិនអាចទ្រាំទ្រ បានល្អ ចំពោះការបើកលើផ្លូវសើម ឬ មានព្រិលធ្លាក់។
៤. រត់កង់ទាំង៤ (4 Wheel Drive – 4WD) ឬហៅថា 4×4

ជាប្រព័ន្ធដែលប្រើស្ពឺពីរ រួមជាមួយនឹង Transfer Case មួយដើម្បីផ្ដល់កម្លាំងដល់កង់ទាំង៤ នៃរថយន្ត។ ធម្មតានិយមប្រើលើរថយន្តប្រភេទ Off-Road ខ្នាតធំៗ ហើយប្រព័ន្ធនេះអាចចែកចាយកម្លាំងពីម៉ាស៊ីនរថយន្តទៅកាន់កង់ទាំង ៤ បានស្មើៗគ្នា ដោយបង្ខំឲ្យកង់រថយន្តបង្វិលក្នុងពេលដូចគ្នា។
ប្រព័ន្ធបើកបរថយន្តខាងលើ ត្រូវបានបំពាក់លើប្រភេទរថយន្តផ្សេងៗពីគ្នា ព្រោះតែរថយន្តទាំងនោះត្រូវបំពេញតាមតម្រូវការរបស់អតិថិជនផ្សេងៗគ្នាដែរ ហើយរថយន្តម៉ូដែលខ្លះទៀត មានទាំងជម្រើសប្រើប៉ុង១ និងប៉ុង២ ដែលវាក៏មានតម្លៃ និងការបំពាក់គ្រឿងបរិក្ខារ និងបច្ចេកវិទ្យាខុសគ្នាទៅតាមហ្នឹងដែរ៕
