បច្ចេកវិទ្យា

តិច​ទៀត អ្នកប្រើរថយន្តអគ្គិសនី មិនបាច់​រង់ចាំ សាកភ្លើង​ទៀតទេ

គុណវិបត្តិ​ដ៏ធំមួយ ​របស់​ រថយន្ត​អគ្គិសនី​ ដែលបង្អាក់​ដល់បំណង​ប្រាថ្នា ​របស់​អតិថិជន​ក្នុង ការទិញ​រថយន្ត​ប្រភេទនេះមកប្រើប្រាស់ គឺ​ ការចំណាយ ពេលយូរ​ក្នុងសាកភ្លើង​ម្តងៗ ។ យ៉ាងណាមិញ​ ជាសញ្ញាដ៏ល្អ​បំផុតមួយក្នុងការ ដោះស្រាយបញ្ហានេះ ដោយក្រុមហ៊ុនចិន​ ចំនួនពីរ​បាន​ចុះកិច្ចព្រមព្រៀង ​ជាមួយគ្នា​លើអាជីវកម្ម​អាគុយរថយន្តអគ្គិសនី​ដែលអាចដោះដូរបាន ។

​តាមរយៈកិច្ចព្រមព្រៀង​រវាងក្រុមហ៊ុន Geely និង​ក្រុមហ៊ុន Nio នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ ក្រុមហ៊ុន​ទាំងពីរ​នឹង​ធ្វើប្រតិបត្តិការ​រួមគ្នា​លើ​ការអភិវឌ្ឍ​ នូវ​ស្តង់ដារួមនៃ​អាគុយ​ដែល​អាចដោះដូរ ជំរុញ​បច្ចកវិទ្យា​ដោះដូរ​អាគុយ និង​ការសាងសង់​បណ្តាញ​ដោះដូរ​អាគុយ។

ការពិតទៅ​វាមិនមែន​ជារឿងថ្មី ណាស់ណាទេ ព្រោះ​ថាកាលពីឆ្នាំ​២០២១ ក្រុមហ៊ុន​ Geely ត្រូវបាន​រាយការណ៍ថា មានបំណង​​បង្កើត​ស្ថានីយ​ដោះដូរអាគុយ​រថយន្តអគ្គិសនី​ចំនួន ៥០០០កន្លែង ត្រឹមឆ្នាំ​២០២៥។ តែបន្ទាប់ពីនោះមក ក៏មិនមានព័ត៌មានអ្វីទៀតឡើយពី​ដំណើរការអភិវឌ្ឍន៍នេះ។

ជាមួយ​គ្នានេះដែរ គេរំពឹងថា ក្រុមហ៊ុន Geely ទំនង​ជាប្រើប្រាស់​គំរូ​នៃការដោះដូរអាគុយ​រថយន្តអគ្គិសនី​នេះ លើ​អាជីវកម្មតាក់ស៊ីរបស់ខ្លួន​ជាមុនសិន។

គួរដឹងថា ការដោះដូរ​អាគុយ​រថយន្តអគ្គិសនី​នេះ គឺ​មានភាព​ងាយស្រួល និងចំណេញ​ពេល​បំផុត ដោយគ្រាន់តែ​យករថយន្ត​ទៅ​ស្ថានីយ ដើម្បីប្តូរអាគុយ ​ដែល​ជិតអស់ភ្លើង ហើយដាក់​ជំនួសមកវិញ​នូវអាគុយ​ដែលមានភ្លើងពេញស្រាប់ ចំណាយពេល​ប្រហែល៣នាទីប៉ុណ្ណោះ ។ ចំពោះ​អាគុយ​ដែល​ជិតអស់ភ្លើង​នោះ នឹងត្រូវដាក់សាកបំពេញ​វិញម្តង។

គិត​ត្រឹម​ខែចុងខែវិច្ឆិកានេះ ក្រុមហ៊ុន Nio មាន​ស្ថានីយដោះដូរអាគុយចំនួន ២១៦៣កន្លែង និង​មាន​អាគុយសម្រាប់​ដោះដូរចំនួនជិត ៣២លានគ្រឿងហើយ ក្នុងប្រទេសចិន។ ចំណែក​នៅអឺរ៉ុប ក្រុមហ៊ុននេះមាន​ស្ថានីយដោះដូរអាគុយចំនួន ៣០កន្លែង។ យ៉ាងណា​មិញ សម្រាប់ការដោះដូរអាគុយនេះ គឺ​ធ្វើឡើង​ចំពោះ​តែរថយន្តរបស់​ក្រុមហ៊ុន Nio តែប៉ុណ្ណោះ ៕

Most Popular

To Top