Tesla បានប្រកាសចេញលក់ Cybertruck ហើយបន្ទាប់ពីអាកខានប៉ុន្មានឆ្នាំមក ។ វាជារថយន្តដ៏ល្បីល្បាញខ្លាំងបំផុត មិនតែប៉ុណ្ណោះ សូម្បីតែនាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន ក៏បានឡើងឈរលើ រថយន្តអគ្គិសនីនេះដើម្បីថតទៀតផង។

គួរដឹងថា កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅនេះ លោក ស្រេតថា បានធ្វើទស្សនកិច្ចនៅរោងចក្ររបស់ Tesla ក្នុងអំឡុងពេលលោកទៅចូលរួមកិច្ចប្រជុំ APEC នៅសហរដ្ឋអមេរិក។ ពេលនោះ លោកបានចាប់អារម្មណ៍ ជាខ្លាំងលើរថយន្ត Cybertruck ដោយបានឈរថត និងជិះសាកល្បងទៀតផង។

លោកថែមទាំងបានដឹងទៀតថា រថយន្ត Cybertruck ជាង ២លានគ្រឿង ត្រូវបានគេកក់អស់ ពោលគឺជារថយន្តដែលទទួលបានការកក់ច្រើនជាងគេបង្អស់ក្នុង ចំណោមរថយន្តនានារបស់ Tesla។
រដ្ឋាភិបាលរបស់លោកស្រេតថា បាននឹងកំពុងខិតខំអូសទាញក្រុមហ៊ុន Tesla ឱ្យមកវិនិយោគក្នុងប្រទេសថៃ។ ក្នុងជំនួបជាមួយក្រុមហ៊ុន Tesla ២ដងនេះ ក្នុងនោះលើកទី១ លោកបានជួបពិភាក្សាផ្ទាល់ ជាមួយលោក Elon Musk និងលើកទី២ ជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ Tesla។

គួរកត់សម្គាល់ដែរថា នៅលើវេបសាយ Tesla ប្រចាំប្រទេសថៃ បានបង្ហាញពីតម្លៃរបស់រថយន្ត Cybertruck ពោលគឺវានឹងមានវត្តមាននៅលើទឹកដីថៃជាមិនខាន។ ក្នុងនោះ មាន ៣option សម្រាប់ជ្រើសរើស គឺជម្រើសប្រើប៉ុងក្រោយ (RWD) តម្លៃខ្ទង់ ៦ម៉ឺនដុល្លារ, ជម្រើសប៉ុង២ បំពាក់ម៉ូទ័រអគ្គិសនី២ តម្លៃជាង ៧ម៉ឺន ៩ពាន់ដុល្លារ និងជម្រើស Cyberbeast ប៉ុង២ តម្លៃជាង ៩ម៉ឺន ៩ពាន់ដុល្លារ។ តម្លៃនេះ មិនទាន់បូកបញ្ចូលពន្ធនាំចូលក្នុងប្រទេសថៃនៅឡើយទេ ៕

