បច្ចេកវិទ្យា

Huawei ក្លាយជាក្រុមហ៊ុនផលិតបន្ទះ ឈីបដ៏ធំបំផុតមួយរបស់ពិភពលោក បន្ទាប់ពីងើបឡើងវិញពីទណ្ឌកម្មរបស់អាមេរិក

xinhua

ចិន៖នេះបើយោងតាមការវិភាគចុងក្រោយបំផុតចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា Counterpoint ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ទះឈីបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei គឺHiSilicon បានក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទី ៥ របស់ពិភពលោកជាមួយនឹងចំណែក ៣ភគរយនៃទីផ្សារបន្ទះឈី បសកល យោងតាមការចេញផ្សាយពីគេហទំព័រ RT។


ការស្រាវជ្រាវដោយផ្អែកលើលទ្ធផលត្រីមាសទី ៣ បង្ហាញពីចំណាត់ថ្នាក់ដឹកនាំដោយផលិតផល Qualcomm មានប្រហែល ៤០ ភាគរយនៃទីផ្សារបន្ទះឈីបទាំងមូល ខណៈក្រុមហ៊ុនពហុជាតិរបស់អាមេរិកតាមពីក្រោយដោយ Apple មានចំណែកទីផ្សារមានចំនួន ៣១ ភាគរយ ។


ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកចិនតៃវ៉ាន់ MediaTek ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានចំណែកទីផ្សារ ១៥ភាគរយ។ ការរកឃើញរបស់ Counterpoint បានគណនាថា បន្ទះឈីបធំៗទាំង ៣ រួមគ្នាគ្រប់គ្រងរហូតដល់ ៨៦ភាគរយនៃទីផ្សារដំណើរការទូរស័ព្ទទាំងមូល។


ក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេមួយរបស់ពិភពលោកគឺ Samsung ជាប់ចំណាត់ថ្នាក់ទី៤ក្នុងបញ្ជីនេះ មានចំណែកទីផ្សារ ៧ភាគរយតាមពីក្រោយក្រុមហ៊ុន Huawei ស្ថិតនៅលំដាប់ទី៥ UNISOC របស់ប្រទេសចិនឈរនៅលំដាប់ទី៦ និងមានចំណែកទីផ្សារ ២ភាគរយ ខណៈក្រុមហ៊ុន Google លំដាប់ទី៧គ្រប់គ្រង ១ភាគរយ នៃទីផ្សារពិភពលោកជាមួយនឹងប្រព័ន្ធដំណើរការ Tensor របស់ខ្លួន។


ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក Huawei បានរកឃើញខ្លួនឯងក្នុងចំណោមក្រុមហ៊ុនធំៗរបស់ចិន ដែលរងការវាយប្រហារដោយការហាមឃាត់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ កាលឆ្នាំ ២០១៩ ទីក្រុងវ៉ាស៊ីនតោនបានហាមប្រាមក្រុមហ៊ុនអាមេរិកពីការលក់កម្មវិធី និងឧបករណ៍ទៅឲ្យក្រុមហ៊ុន Huawei និងបានរឹតបន្តឹងក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិដែលប្រើប្រាស់បច្ចេកវិទ្យាផលិតដោយសហរដ្ឋអាមេរិកពីការចាប់ដៃគូជាមួយក្រុមហ៊ុនចិន។


សេតវិមានបានចាត់ទុកការហាមប្រាមផ្នែកបច្ចេកវិទ្យានេះថា ជាកង្វល់សន្តិសុខជាតិ រួមទាំងសក្តានុពលសម្រាប់ការវាយប្រហារតាមអ៊ីនធើណេតពីទីក្រុងប៉េកាំង ឬចារកម្ម។ មុនឆ្នាំ ២០២០ ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មស្មាតហ្វូន នៅពីក្រោយតែក្រុមហ៊ុន Samsung និង Apple ប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយ វាពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យា និងសមាសធាតុដែលផលិតនៅសហរដ្ឋអាមេរិក ឬផលិតដោយក្រុមហ៊ុនក្រោមប៉ាតង់របស់អាមេរិក៕

ដោយ៖លី ភីលីព

Most Popular

To Top