យានអវកាសអង្កេតព្រះអាទិត្យដំបូងគេរបស់ឥណ្ឌា បានចូលដល់គន្លងព្រះអាទិត្យដែលជាគោលដៅនៃបេសកកម្មនេះ ពោលគឺចូលដល់ចំណុចមួយហៅថា Lagrange Point-1ដែលស្ថិតនៅចន្លោះរវាងផែនដី និងព្រះអាទិត្យ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ យាន Aditya-L1 នឹងបំពេញបេសកកម្មរបស់វានៅក្នុងគន្លងនេះ ដើម្បីអង្កេតគ្រប់ទិដ្ឋភាពព្រះអាទិត្យ រយៈពេល ៥ឆ្នាំ។
អ្នកវិទ្យាសាស្រ្តអង្គការអវកាសឥណ្ឌា (ISRO) បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលធ្វើដំណើរទៅដល់គន្លងព្រះអាទិត្យនោះ យាន Aditya-L1 បានបើកឧបករណ៍សំខាន់ៗទាំង៧ របស់វាហើយ និងត្រៀមបញ្ជូនទិន្នន័យដំបូងមកផែនដីវិញ នៅអំឡុងពាក់កណ្តាលខែមករានេះ។
ដូច្នេះ សូមរង់ចាំមើលថាតើ ទិន្នន័យដំបូងដែលទទួលបាននោះ នឹងគាស់កកាយអាថ៌កំបាំងព្រះអាទិត្យយ៉ាងណាខ្លះ!
សូមជម្រាបថា កាលពីថ្ងៃទី២ ខែកញ្ញា អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានបាញ់បង្ហោះយានមួយឈ្មោះថា Aditya-L1 ដោយជោគជ័យ។ យានអវកាសនេះ ត្រូវបានកំណត់ឱ្យធ្វើដំណើរប្រហែល ១,៥លានគីឡូម៉ែត្រ រយៈពេល ៤ខែ។ យានអវកាសនេះ ត្រូវបានបំពាក់ជាមួយឧបករណ៍វិទ្យាសាស្រ្តចំនួន៧ ក្នុងនោះ ៤ហើយ ដែលមានទិសដៅសម្រាប់សិក្សាព្រះអាទិត្យដោយផ្ទាល់ ក្រៅពីនោះ នឹងសិក្សាខ្យល់ និងដែនម៉ាញេទិចព្រះអាទិត្យ។
ព័ត៌មានដែលទទួលបានពីការពិសោធន៍របស់យានអវកាស Aditya-L1 នឹងផ្តល់នូវរូបភាពកាន់តែច្បាស់នូវអាកាសធាតុអវកាស ឬទិន្នន័យដែលត្រូវបានប្រើប្រាស់សម្រាប់ពណ៌នារលកម៉ាញេទិចដែលឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើង៕