បច្ចេកវិទ្យា

Apple បញ្ចុះតម្លៃពិសេស សម្រាប់ iPhone 15 នៅប្រទេសចិន ខណៈការប្រកួត ប្រជែងកាន់តែខ្លាំង

VN Express

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រលើ iPhone របស់ខ្លួននៅប្រទេសចិន ដោយកាត់បន្ថយ តម្លៃលក់ រាយរហូតដល់ ៥០០ យន់ (៧០ ដុល្លារ) ចំពេលមានសម្ពាធ ប្រកួតប្រជែងកាន់តែខ្លាំង នៅលើទីផ្សារស្មាតហ្វូនដ៏ធំបំផុត របស់ពិភពលោក ។

គេហទំព័រចិនរបស់ខ្លួន បានបង្ហាញកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានទម្លាក់តម្លៃ iPhone មួយចំនួន ៥ ភាគរយ។ ការផ្សព្វផ្សាយដែលមាន កំណត់ពេលវេលា ដាក់ស្លាកសញ្ញាថា ជាព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងមានរយៈពេលចាប់ពីថ្ងៃទី ១៨ ខែមករា រហូតដល់ថ្ងៃទី ២១ ខែមករា ក្នុងការឈានទៅដល់ថ្ងៃឈប់ សម្រាកនៅពាក់កណ្តាលខែកុម្ភៈ ។ ការលក់ទូរស័ព្ទ iPhone 15 ស៊េរីចុងក្រោយ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple អាក្រក់ជាងម៉ូដែលមុនៗ ក្នុងប្រទេសចិន ។

ប្រភពបាននិយាយថា គូប្រជែងជាផលិតផលក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei Technologies និង Xiaomi បានកំពុងផ្តល់ជូននូវម៉ូដែលប្រកួតប្រជែង ហើយក្រុមហ៊ុន និងនាយកដ្ឋានរដ្ឋាភិបាល មួយចំនួនបាននឹងកំពុងកំណត់បុគ្គលិកលើការប្រើប្រាស់ឧបករណ៍របស់ Apple ដោយឆ្លុះបញ្ចាំង ពីការរឹតបន្តឹងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះកម្មវិធីរបស់ចិន លើហេតុផលសុវត្ថិភាព ។

អ្នកវិភាគ Jefferies បាននិយាយក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone របស់ចិនបានធ្លាក់ចុះ ៣០ ភាគរយក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយបានធ្លាក់ចុះ ៣ភាគរយ សម្រាប់ឆ្នាំ ២០២៣ ។ អ្នកវិភាគរំពឹងថា ទិដ្ឋភាពប្រកួតប្រជែង នឹងកាន់តែតានតឹងនៅឆ្នាំនេះ ។

Apple មិនបានកាត់បន្ថយតម្លៃ iPhone ស៊េរីចុងក្រោយ របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទេ។ ការកាត់បន្ថយនេះធ្វើឡើង បន្ទាប់ពីវាបានធ្វើឲ្យទីផ្សារ ភ្ញាក់ផ្អើលដោយការមិនដំឡើងតម្លៃទូរស័ព្ទ iPhone 15 ស៊េរីក្នុងការចេញលក់នៅខែកញ្ញារបស់ខ្លួន ។
វេទិកាទិញទំនិញអនឡាញ រួមទាំង Pinduoduo បាននឹងកំពុងទម្លាក់តម្លៃ iPhone 15 និង iPhone 15 Pro ដល់ទៅ ១៦ភាគរយ ចាប់តាំងពីដើមឆ្នាំមក។ Apple មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top