បញ្ហារថយន្តដែលដេរអត់ឆេះ គឺជាបញ្ហាទូទៅមួយ របស់រថយន្ត ដែលអ្នកបើកបរភាគច្រើន សុទ្ធតែបានជួបប្រទះ ។ ពេលមានបញ្ហានេះម្តងៗ គឺគេតែងតែយល់ថា វាអាចជាបញ្ហាអស់អាគុយ ឬខូចដុំដេរជាដើម តែការពិតវាមានមូលហេតុ ច្រើនទៀត។
ខាងក្រោមនេះ គឺជាកំហូចមួយចំនួន ដែលបណ្តាលឱ្យដេរ រថយន្តមិនឆេះ

១. អស់អាគុយៈ ប្រសិនបើអ្នកចុចប៊ុតុង ឬកាច់សោរដេរ ប៉ុន្តែរថយន្តមិនឆេះដំណើរការ ហើយលឺតែសំឡេង និងក្រោយមកស្ងាត់វិញ នោះគឺអាចបញ្ជាក់បានថា អាគុយបានដល់អាយុកាល អស់ថាមពលហើយ ។ លោកអ្នកក៏អាចកត់ សម្គាល់ពីរោគសញ្ញា នៃការអស់អាគុយនេះ គឺនៅពេលដេរបញ្ឆេះពេលព្រឹក ឬបន្ទាប់ពីចតរថយន្ត ចោលច្រើនថ្ងៃ។

២. ខូចដុំដេរ: បញ្ហានេះ ភាគច្រើនកើតឡើង ចំពោះរថយន្តចាស់ៗ ដោយសារដុំដេរ មានអាយុកាលរបស់វាដែរ ។ លោកអ្នកអាចកត់សម្គាល់បាននៅពេលកាច់បញ្ឆេះ មិនលឺសំឡេងអ្វី ប៉ុន្តែក្នុងកុងទ័រមានពន្លឺ និងចេញសញ្ញា Check ទៀតផង។

៣. ខូចបូមសាំង: តួនាទីរបស់វា គឺបូមសាំងចេញពីធុងសាំង ចូលទៅប្លុកម៉ាស៊ីន ដូច្នេះបើវាខូច គឺវាមិនអាចធ្វើការងារវាបានឡើយ។ រោគសញ្ញារបស់វាគឺពេលដេរបញ្ឆេះ លឺសំឡេងធម្មតា ប៉ុន្តែម៉ាស៊ីនមិនដំណើរការ។

៤. សាំងស្ទើរតែជិតអស់: ប្រសិនបើរថយន្តអ្នកសល់សាំងក្នុងធុងទាបបំផុត ឬស្ទើរតែជិតអស់ ហើយចតលើផ្លូវទួលទៀតនោះ គឺបូមសាំង អាចមិនប៉ះសាំង ឬមិនអាចបូមឡើងបាន ដែលធ្វើឱ្យរថយន្តមិនអាចដេរបញ្ឆេះបាននោះទេ។ ដូច្នេះបើឃើញចេញសញ្ញាធុងសាំងហើយ គួរចាក់បំពេញតែម្តងទៅ។

៥. ខូចឌីណាម៉ូ: តួនាទីរបស់វា គឺជាអ្នកបង្កើតភ្លើងចេញពីប្រតិបត្តិការរបស់រថយន្ត និងបញ្ជូនភ្លើងទៅឱ្យអាគុយ។ ដូច្នេះ បើវាខូច នោះវាមិនអាចផ្តល់ភ្លើង ឱ្យអាគុយបាននោះទេ ជាហេតុធ្វើឱ្យអាគុយចុះខ្សោយភ្លើងបន្តិចម្តង។ បញ្ហាខូចឌីណាម៉ូនេះ ក៏អាចបណ្តាលឱ្យរថយន្តបើកសុខៗរលត់កណ្តាលផ្លូវផងដែរ ។

៦. ដាច់ខ្សែភ្លើង: ការដេររថយន្តមិនឆេះ ក៏បណ្តាលមកពីប្រព័ន្ធភ្លើងរថយន្តផងដែរ ដែលអាចកើតចេញពីកណ្តុរកកេរដាច់ខ្សែណាមួយ ឬបញ្ហាបតបញ្ជាជាដើម៕

