រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរ៉ែអូស្ត្រាលី បានប្រកាសថា ការផលិតរ៉ែលីចូមនៅក្នុងខេត្ត Phangnga អាចនឹងចាប់ផ្តើមក្នុងរយៈពេល ២ឆ្នាំទៀតគឺនៅឆ្នាំ២០២៦ ដែលកាន់តែជំរុញប្រទេសថៃ មួយតង់ទៀត ឱ្យក្លាយជាជង្រុករថយន្តអគ្គិសនីក្នុងតំបន់។
ក្រុមហ៊ុន Pan Asia Metals នៃប្រទេសអូស្ត្រាលី កំពុងរៀបចំដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅក្នុងខែមីនាខាងមុខ សម្រាប់គម្រោង Reung Kiet នៅក្នុងខេត្ត Phangnga ពោលគឺជាទីតាំងរ៉ែលីចូម ដែលស្ថិតក្នុងតំបន់ Reung Kiet និង Bang I Tum។
ក្រសួងឧស្សាហកម្ម និងរ៉ែនៃប្រទេសថៃ បានព្យាករថា តំបន់ Reung Kiet អាចនឹងផលិតរ៉ែលីចូមប្រមាណជាង ១៦ម៉ឺនតោន សម្រាប់យកទៅផលិតអាគុយរថយន្តអគ្គិសនី។ ជារួមតំបន់នេះ នឹងអាចផលិតរ៉ែសម្រាប់អាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង យ៉ាងហោចណាស់ក៏ ១លានអាគុយដែរ។
បើតាមក្រុមហ៊ុន Pan Asia Metals ក៏បានឱ្យដឹងដែរ ធនធានរ៉ែនៅតំបន់ Bang I Tum អាចនឹងធំជាងនៅតំបន់ Reung Kiet ប្រមាណពី ១០% ដល់ ៧០%។
តែយ៉ាងណាក៏ដោយចំពោះទំហំរ៉ែលីចូមនៅក្នុងប្រទេសថៃ គេមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយ។ បច្ចុប្បន្ន អូស្ត្រាលី អាហ្សង់ទីន ឈីលី និងចិន ស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់រ៉ែលីចូមធំៗក្នុងពិភពលោក។
មន្រ្តីថៃម្នាក់ បានអះអាងកាលពីសប្តាហ៍មុនថា នៅក្នុងខេត្ត Phangnga ត្រូវបានរកឃើញថាមានរ៉ែលីចូមប្រហែល ១៤,៨លានតោនឯណោះ។ បើពិតជាអ៊ីចឹងមែន នោះវានឹងធ្វើឱ្យថៃ ក្លាយជាជម្រុករ៉ែលីចូមធំទី៣ ក្នុងពិភពលោក បន្ទាប់ពីប្រទេសបូលីវី និងអាហ្សង់ទីន៕
ប្រភព ៖ SABAY