អាមេរិក ៖ តួលេខពីក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC) ចេញផ្សាយនៅសប្តាហ៍ នេះបានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសចិនបានធ្លាក់ចុះ ២.១ភាគរយ ធៀបនឹងឆ្នាំមុន នៅត្រីមាសទី ៤ នៃឆ្នាំមុន ដោយសារការកើនឡើង នៃការប្រកួតប្រជែង ពីម៉ាកក្នុងស្រុក ដែលដឹកនាំដោយក្រុមហ៊ុន Huawei យោងតាមការចេញ ផ្សាយពីគេហទំព័រ RT។
ការថយចុះនេះបង្ហាញ ពីបញ្ហាប្រឈមដែល Apple ប្រឈមមុខនៅលើទីផ្សារធំបំផុតទី ៣ របស់ខ្លួន ដោយក្រុមហ៊ុនចិន និងអង្គភាពរដ្ឋាភិបាល មួយចំនួនរារាំង ការប្រើប្រាស់ឧបករណ៍របស់ខ្លួន ក្នុងការសងសឹក ចំពោះការរឹតបន្តឹង ដែលសហរដ្ឋអាមេរិក បានដាក់លើកម្មវិធីចិន សម្រាប់អ្វីដែលខ្លួនបាន ពិពណ៌នាថា ជាហេតុផលសុវត្ថិភាព។
តួរលេខ IDC បានបង្ហាញថា ទោះបីជាការលក់ស្មាតហ្វូន របស់ក្រុមហ៊ុន Huawei ទទួលរងនូវផលប៉ះពាល់យ៉ាង ខ្លាំងដោយការដាក់ ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានត្រឡប់មកវិញ កាលពីឆ្នាំមុន ជាមួយនឹងការកើនឡើង ៣៦.២ ភាគរយ នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ។
Huawei បានក្លាយជាអ្នកលក់ស្មាតហ្វូនធំជាងគេទី ៤ នៅប្រទេសចិនក្នុងអំឡុងពេលនោះ ជាមួយនឹងចំណែកទីផ្សារ ១៣.៩ភាគរយកើនឡើងពី ១០.៣ភាគរយក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ពេញមួយឆ្នាំ Apple បានដំណើរការជាង Vivo ដើម្បីក្លាយជាអ្នកលក់ស្មាតហ្វូនកំពូលនៅប្រទេសចិន ដោយដណ្តើមបានចំណែកទីផ្សារ ១៧.៣ភាគរយ ។
យោងតាម IDC បានបន្តថា ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរំពឹងថានឹងមានសម្ពាធកើនឡើងលើការលក់របស់ Apple នៅឆ្នាំ ២០២៤ ។ វត្តមានរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់អាមេរិកនៅ ប្រទេសចិនត្រូវបានរារាំង ដោយផលិតផល គូប្រជែង និងការធ្វើឲ្យប្រសើរឡើង នូវផលិតផលមានកំណត់ដោយ Apple បានកាត់បន្ថយភាពទាក់ទាញរួមរបស់ iPhone ។
កាលពីដើមខែនេះ អ្នកវិភាគមកពី Jefferies Financial Group បានព្យាករណ៍ថា ការលក់ iPhone នៅប្រទេសចិន អាចឈានដល់ការធ្លាក់ ចុះពីរខ្ទង់នៅឆ្នាំនេះ ខណៈក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងពង្រឹងវត្តមាន ទីផ្សាររបស់ខ្លួនជាមួយនឹងការលក់កើនឡើងយ៉ាងខ្លាំងដល់ប្រហែល ៦៤ លានគ្រឿងក្នុងឆ្នាំ ២០២៤ ។ ការកើនឡើង គួរឲ្យកត់សម្គាល់ពីចំនួនតិចជាង ៣៥ លានគ្រឿង ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានលក់កាលឆ្នាំ ២០២៣ ៕
ដោយ៖លី ភីលីព