បច្ចេកវិទ្យា

សហរដ្ឋអាមេរិក សង្ស័យថារុស្សី នឹងដាក់ពង្រាយនុយក្លេអ៊ែរ នៅទីអវកាសក្នុងឆ្នាំនេះ

បរទេស៖ទីភ្នាក់ងារព័ត៌មាន Bloomberg បានអះអាងកាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា សហរដ្ឋអាមេរិក ដោយបានព្រមានសម្ព័ន្ធមិត្តរបស់ខ្លួនថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ទីអវកាសហើយនៅក្នុងឆ្នាំនេះ ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីសប្តាហ៍មុនថា ស៊ើបការណ៍សម្ងាត់អាមេរិកបានទទួលព័ត៌មានថា រុស្ស៊ីអាចនឹងដាក់ពង្រាយអាវុធប្រឆាំងផ្កាយរណប ដែលមិនត្រូវបានបង្ហាញរួចហើយ រួមទាំងអាវុធនុយក្លេអ៊ែរ ទៅកាន់គន្លងផែនដី ឬថាខ្លួនគ្រោងនឹងធ្វើដូច្នេះ។

ទោះបីជាយ់ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូជារឿយៗតែងតែបានចេញមកបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់នេះ ខណៈដែលអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ពួកគេគ្រាន់តែជាល្បិចមួយដើម្បីបញ្ចុះបញ្ចូលសមាជិកសភាអាមេរិកឱ្យអនុម័តជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែនប៉ុណ្ណោះ។

យោងតាមសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ១៩៦៧ដែលចុះហត្ថលេខាដំបូងដោយសហរដ្ឋអាមេរិក សហភាពសូវៀត និងចក្រភពអង់គ្លេស ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទណាមួយនៅក្នុងគន្លងគឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងហើយ កិច្ចព្រមព្រៀងនេះក៏ត្រូវបានចុះហត្ថលេខាដោយប្រទេសជាង១០០ផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top