បច្ចេកវិទ្យា

អ្នកខ្លះ ពេលទូរសព្ទចូលទឹក ដាក់សម្ងួត​ក្នុងធុងអង្ករ! ឥឡូវ Apple ព្រមាន​ថា ធ្វើអ៊ីចឹងអាច​ខ្ទេច ទូរសព្ទតែម្តង

តើលោកអ្នកធ្លាប់ ​យកទូរសព្ទដែលចូលទឹក ទៅដាក់សម្ងួត​ក្នុងបាវ ឬធុង​អង្ករ​ដែរទេ? ព្រោះថា វា​ជាទម្លាប់តៗគ្នាដែល​គ្មាន​បច្ចេកទេស​ច្បាស់លាស់នោះទេ ដោយគេជឿថា អង្ករ​នឹង​ស្រូបទឹក​ចេញពីទូរសព្ទ។

តាម​រយៈការ​ស្រាវជ្រាវ​ជាច្រើនឆ្នាំ អំពីការដាក់សម្ងួត​ទូរសព្ទ​ក្នុងអង្ករនេះ បានបង្ហាញ​ថា ការពិត​អង្ករ​មិនអាច​សម្ងួត​ទឹកចេញពីទូរសព្ទបានទេ ហើយថែមទាំងមិនអាចឱ្យទូរសព្ទឆាប់ស្ងួតទៀតផង ជាហេតុ​ធ្វើឱ្យទូរសព្ទ​ប្រឈមនឹង​ការឆាប់ខូចជាងមុន។

ទន្ទឹមនេះ ឯកសារ​ថ្មីមួយក្នុងឆ្នាំ​២០២៤នេះ ពីក្រុមហ៊ុន Apple បាន​បញ្ជាក់ច្បាស់ៗ​ និងក្រឿនរំលឹក​កុំឱ្យដាក់​ទូរសព្ទសម្ងួត​ក្នុងអង្ករ ព្រោះវា​អាចឱ្យកម្ទេចអង្ករចូលទៅបំផ្លាញ​ iPhone របស់អ្នកបាន។ ជំនួស​មកវិញ Apple បានផ្តល់ការណែនាំមួយចំនួនដូចខាងក្រោម៖
១. ជូតទូរសព្ទថ្នមៗ​ (តែកុំជូត​ក្នុងរន្ធ USB) និង​ទុកនៅកន្លែងស្ងួតជាមួយការបាញ់ផ្លុំខ្យល់ខ្លះៗ (តែហាមបាញ់ខ្យល់ក្តៅខ្លាំង)។ យល់ល្អ គួរតែបិទទូរសព្ទតែម្តង។

២. ក្រោយទុកបានរយៈពេល ៣០នាទី សាកល្បងសាកថ្ម បើឃើញ​សាកចូលធម្មតា មានន័យថា វាអស់បញ្ហាហើយ។

៣. បើដោតហើយ បែរ​ជាសាកមិនចូល ឬចេញសញ្ញា Alert អ្វីមួយ នោះ​បញ្ជាក់​ថា វានៅមាន​ជ្រាបទឹកនៅឡើយ។ ដូច្នេះ ត្រូវបន្តបាញ់ផ្លុំខ្យល់ និងទុកចោលពេញ ១ថ្ងៃ រួចសាកល្បងដោតសាកថ្មម្តងទៀត។

៤. បើទុកចោលពេញ១ថ្ងៃហើយ នៅតែសាកថ្មមិនចូលទៀត សូមដកខ្សែ និងឆ្នាំងសាក ចេញទាំងអស់សិន ហើយ​ចាំដោតចូលវិញទាំងអស់៕

Most Popular

To Top