អាមេរិក ៖សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg ត្រូវបានគេមើលឃើញថា លោកបានកោតសរសើរនាឡិកា Richard Mille តម្លៃ ១ លានដុល្លារ ដែលជាកម្មសិទ្ធិរបស់លោក Anant Ambani ជាកូនប្រុសរបស់អ្នកជំនួញដ៏មានបំផុតនៅអាស៊ីលោក Mukesh Ambani ។

កាសែត Daily Mail បានរាយការណ៍ថា វីដេអូផ្សព្វផ្សាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានចាប់យកពេលលោក Zuckerberg រួមជាមួយភរិយារបស់លោក លោកស្រី Priscilla Chan មានការភ្ញាក់ផ្អើលជាមួយនឹងនាឡិកាដ៏ប្រណិតពាក់ដោយលោក Ambani ក្នុងអំឡុងពេលប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍ របស់គាត់ធ្វើឡើងចាប់ពីថ្ងៃទី ១-៣ ខែមីនានៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។
ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍ របស់លោក Zuckerberg បាននិយាយលើវីដេអូថា ខ្ញុំមិនដែលចង់បាននាឡិកាទេ ប៉ុន្តែបន្ទាប់ពីឃើញនោះ ខ្ញុំក៏ចូលចិត្ត នាឡិកាក៏ឡូយដែរ ។ វាត្រូវបានគេប៉ាន់ស្មានថានាឡិការបស់លោក Ambani ជាម៉ូដែល RMS-10 Tourbillon Koi Fish ផលិតពីមាស និងពេជ្រ 18K នៅលើគែម ។
លោក Ambani អាយុ ២៨ ឆ្នាំ ជាកូនពៅរបស់លោក Mukesh Ambani ដែលជាប្រធានក្រុមហ៊ុន Reliance Industries ជាក្រុមហ៊ុនមានប្រាក់ចំណូល ប្រចាំឆ្នាំចំនួន១១០ ពាន់លានដុល្លារ។ គិតត្រឹមថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ ទស្សនាវដ្ដី Forbes បានដាក់ចំណាត់ថ្នាក់លោក Mukesh Ambani ជាអ្នកមានបំផុតនៅអាស៊ី និងជាមហាសេដ្ឋីទីប្រាំបួននៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១១៦.១ ពាន់លានដុល្លារ៕
ដោយ៖លី ភីលីព
