កន្លងមកមនុស្សភាគច្រើន បានយល់ឃើញថា រថយន្តអាមេរិក ឬរថយន្តអឺរ៉ុប បំពាក់បច្ចេកវិទ្យាទំនើបល្អជាងគេ។ ប៉ុន្តែពេលនេះ អ្វីៗមិនដូចមុនទេ ដោយរថយន្តជប៉ុន Lexus បានជាប់ជារថយន្ត ដែលបំពាក់បច្ចេកវិទ្យា ជំនួយអ្នកបើកបរល្អជាងគេបំផុត ។ នេះបើយោងតាមវិទ្យាស្ថាន ធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេអាមេរិក (IIHS)។
IIHS បានធ្វើតេស្តប្រព័ន្ធផ្សេងៗគ្នាចំនួន១៤ ពីប្រេនរថយន្តប្រណីត Lexus, Ford, Genesis, BMW, Mercedes, Nissan, Volvo និង Tesla ថាតើប្រព័ន្ធជំនួយអ្នកបើកបរ ដំណើរការបានល្អប្រសើរយ៉ាងណាខ្លះ ក្នុងអំឡុងពេលបើកបរ ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោម ១៤ប្រព័ន្ធនេះ គឺមាន ១១ប្រព័ន្ធហើយ ដែលចាត់ថ្នាក់ក្នុងកម្រិតអន់ ដោយក្រុមការងារ IIHS ក្នុងនោះរួមមានទាំងប្រព័ន្ធ Autopilot របស់ Tesla និងប្រព័ន្ធ Level 3 Drive Pilot របស់ Mercedes ផងដែរ។
IIHS បានរកឃើញថា មានតែប្រព័ន្ធមួយប៉ុណ្ណោះ ដែលទទួលបានការវាយតម្លៃល្អគ្រប់គ្រាន់ពេញលេញអាចទទួលយកបាន គឺជារថយន្ត Lexus LS។ ចំណែកប្រព័ន្ធ២ទៀត ដែលស្ថិតនៅកម្រិតបន្ទាប់ គឺ Super Cruise របស់រថយន្ត GMC Sierra និងប្រព័ន្ធ Pro-Pilot Assist with Navi-Link ដែលបំពាក់លើរថយន្តអគ្គិសនី Ariya។
ប្រព័ន្ធជំនួយបើកបរ និងប្រព័ន្ធសុវត្ថិភាពនេះរួមមានដូចជា ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ, ប្រព័ន្ធព្រមានពេលរថយន្តរេចេញពីគន្លង, ប្រព័ន្ធរក្សារថយន្តឱ្យនៅចំគន្លងកណ្តាល និង Blind-spot ជាដើម ៕