បច្ចុប្បន្នបច្ចេកវិទ្យា សាកថ្មល្បឿនលឿន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចឃើញឆ្នាំងសាកល្បឿនលឿនជាដើម ។ យ៉ាងណាមិញ សាកថ្មកាន់តែឆាប់ពេញថ្វី បើផ្ដល់ប្រយោជន៍ក៏ពិតមែន ប៉ុន្ដែធ្វើឱ្យអ្នកប្រើកាន់តែបារម្ភ ថាតើវាអាចប៉ះពាល់ដល់អាយុកាល នៃថ្មដែរឬយ៉ាងណា?
តាមពិតទៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿន មិនមានផលប៉ះពាល់ដល់សុខភាពថ្មនោះទេ ព្រោះរាល់ពេលបញ្ចូលថ្មម្ដងៗ ស្មាតហ្វូនមានមុខងារ Battery management system ដើម្បីរក្សាអាយុកាលនៃថ្ម ក៏ដូចជាការពារពីការផ្ទុះជាដើម។ មុខងារនេះបែងចែកការបញ្ចូលថ្មជាពីរដំណាក់កាល។
ដំណាក់កាលទី១ គឺបញ្ចូលថាមពលថ្ម ដោយមានល្បឿនលឿន ដោយសាកពី ០% ដល់ ៥០% ឬ ៧០% ចំណាយពេល ១០ ទៅ ១៥នាទី ឬ៣០នាទី ប៉ុណ្ណោះ។ ដំណាក់សាកដំបូងនេះ មានល្បឿនលឿន ព្រោះតែថ្មទូរសព្ទអាចទទួលយក ថាមពលបានយ៉ាងឆាប់រហ័ស និងមិនមានផលប៉ះពាល់ អវិជ្ជមានធ្ងន់ធ្ងរឡើយ ។
ដំណាក់កាលទី២ គឺការបញ្ចូលថាមពលពី ៧០% ឬ ៨០% ដល់ពេញ ល្បឿនសាកនឹងត្រូវបន្ថយចុះ ហើយល្បឿន នៃការសាកត្រូវបានគ្រប់គ្រង ដោយប្រុងប្រយ័ត្ន បើមិនដូចច្នោះទេអាចធ្វើឱ្យថ្មទូរសព្ទខូច ឬផ្ទុះបាន ។ នេះជាមូលហេតុដែលធ្វើឲ្យការសាកថ្មចាប់ពី ៧០% ឬ ៨០% ឃើញថាមិនឡើងភាគរយថ្មលឿន ដូចជាពេលសាកនៅភាគរយទាបៗនោះទេ។
ដូចនេះបច្ចេកវិទ្យាសាកថ្ម ឆាប់ពេញមិនមែនជាដើមហេតុធ្វើឲ្យស្មាតហ្វូនឆាប់ខូចថ្មនោះទេ ប៉ុន្តែគឺកត្តាមួយចំនួនទៀតទៅវិញទេដែលធ្វើឲ្យថ្មឆាប់ខូច។
ការសិក្សាមួយចំនួនបានបង្ហាញថាទម្លាប់នៃការសាកថ្មស្មាតហ្វូនឲ្យដល់ពេញ ១០០% ហើយនៅបន្តដោតវាចោលទៀតនោះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្ម ប្រសិនបើអ្នកប្រើប្រកាន់ខ្ជាប់ទម្លាប់នេះជាទៀងទាត់។
ដោយគិតគូរលើបញ្ហានេះ Appleបានបញ្ចេញមុខងារថ្មីមួយលើ iOS 13 ដែលមានឈ្មោះថា Optimized Battery Charging។ មុខងារនេះដំណើរការ ដោយសិក្សាពីសកម្មភាពសាកថ្ម ប្រចាំថ្ងៃរបស់អ្នកប្រើ។ ឧទាហរណ៍អ្នកទម្លាប់សាកថ្មមុនពេលចូលគេង នោះ iPhone នឹងចាប់ផ្ដើមសាកថ្មពី ០% ដល់ ៨០% បន្ទាប់មកវានឹងផ្អាកការសាកថ្មសិន ហើយនឹងចាប់ផ្ដើមសាកដល់ ១០០% ឱ្យបានមុនពេលអ្នកភ្ញាក់ពីគេង។ មុខងារនេះមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានទម្លាប់ទៀងទាត់។
យ៉ាងណាក្ដី បើមិនអាចពឹងពាក់លើមុខងារ Optimized Battery Charging ដោយសារទម្លាប់របស់អ្នកមិនទៀងទាត់ ឬស្មាតហ្វូនរបស់អ្នកមិនមានមុខងារនេះ អ្នកក៏អាចសាកល្បងដកឌុយទូរសព្ទចេញពេលសាកដល់ត្រឹម ៩០% ឬពេលជិតពេញ ១០០% ជាដើម ដើម្បីធ្វើឲ្យថ្មមានអាយុវែង។
ទម្លាប់មួយទៀតដែលធ្វើឲ្យថ្មឆាប់ខូចគឺការប្រើប្រាស់ទូរសព្ទរហូតដល់អស់ថ្មរលត់ជាញឹកញាប់។ ការប្រើរហូតដល់ទូរសព្ទរលត់អាចបង្កជាប្រតិកម្មគីមីម្យ៉ាង ដែលធ្វើឲ្យសមត្ថភាពកាន់ថាមពលរបស់ថ្មមិនអាចស្ថិតនៅយូរអង្វែង។ មានការណែនាំថាពេលថាមពលថ្មស្រកនៅសល់ត្រឹមប្រហែល ២០% ឬ ៣០% គួរតែសាកបញ្ចូលវា។មួយវិញទៀតកម្ដៅគឺជាសត្រូវដ៏ធំមួយរបស់ថ្ម ដោយកម្ដៅក្ដៅត្រូវបានគេដឹងថាអាចធ្វើឲ្យប៉ះពាល់ដល់អាយុកាលរបស់ថ្ម។ ដូចនេះរក្សាទុកទូរសព្ទកុំឲ្យចំកំដៅថ្ងៃ និងជៀសវាងការប្រើទូរសព្ទក្រោមកំដៅថ្ងៃរយៈពេលយូរ។
គួរបញ្ជាក់ដែរថាការប្រើប្រាស់ដុំសាកលាយឡំគ្នា (ខ្ចីឆ្នាំងសាកអ្នកដទៃប្រើ) មិនមានប៉ះពាល់ដល់ អាយុកាលរបស់ថ្មនោះទេ ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនខ្លះអាចសាកថ្មមិនឆាប់ពេញ ប្រសិនបើប្រើប្រាស់ឆ្នាំងសាកមានកម្លាំងខ្សោយ ជាងសមត្ថភាពគាំទ្ររបស់ស្មាតហ្វូននោះ ៕