សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសថា សន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមិថុនា រហូតដល់ថ្ងៃទី ១៤ ខែមិថុនាដោយអនុញ្ញាតអ្នកចូលរួមព្រឹត្តិការណ៍ដោយផ្ទាល់ថែមទៀតផង។
ព្រឹត្តិការណ៍រដូវក្តៅដ៏ធំនឹងត្រូវបានផ្សាយបន្តផ្ទាល់ ប៉ុន្តែអ្នកអភិវឌ្ឍន៍ដែលបានជ្រើសរើសមួយចំនួនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដោយផ្ទាល់នៅបរិវេណសាលារបស់ Apple ក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ១០ ខែមិថុនា។
ក្រុមហ៊ុននេះជាធម្មតាបង្ហាញនូវកម្មវិធី និងផលិតផលអាប់ដេតចុងក្រោយបំផុតរបស់ពួកគេរួមទាំង iPhone, iPad, Apple Watch, AppleTV និង Vision Pro headset ក្នុងអំឡុងពេលសុន្ទរកថាសំខាន់នៅថ្ងៃដំបូង។
ការរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅឆ្នាំនេះ គឺមានការព្រួយបារម្ភថា វាយឺតពេលក្រុមហ៊ុន Microsoft និង Google ក្នុងការជំរុញឲ្យអភិវឌ្ឍផលិតផលដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ខណៈក្រុមហ៊ុន Apple មានទំនោរក្នុងការរក្សាការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឲ្យជិតនឹងនាយកប្រតិបត្តិ Tim Cook បានផ្តល់សញ្ញានៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈថា ខ្លួនបាននិងកំពុងធ្វើការបណ្តាក់ទុនដ៏ធំនៅ AI ជំនាន់ថ្មី ហើយគ្រោងនឹងបង្ហាញបន្ថែមទៀតនៅចុងឆ្នាំនេះ។
នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា សន្និសីទរយៈពេលមួយសប្តាហ៍នឹងមានឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីភ្ជាប់ជាមួយអ្នករចនា និងវិស្វករ Apple ដើម្បីទទួលបានការយល់ដឹងអំពីឧបករណ៍ ក្របខ័ណ្ឌ និងមុខងារថ្មីៗ ៕
ដោយ៖លី ភីលីព