បច្ចេកវិទ្យា

អវកាសយានិកជប៉ុន លោក Wakata ចូលរួមជាមួយអ្នកអភិវឌ្ឍន៍ ស្ថានីយអវកាស អាមេរិក Axiom

តូក្យូ ៖ អវកាសយានិកជើងចាស់ជប៉ុន លោក Koichi Wakata បានប្រកាសតែងតាំង លោកជាអវកាសយានិក និងជាប្រធានបច្ចេកទេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុន Axiom Space Inc ដែលជាក្រុមហ៊ុនចាប់ផ្តើមដំបូង របស់សហរដ្ឋអាមេរិក គ្រោងនឹងអភិវឌ្ឍស្ថានីយ៍ អវកាសពាណិជ្ជកម្ម ដំបូងបង្អស់របស់ពិភពលោក ។

លោក Wakata វ័យ ៦០ ឆ្នាំបាននិយាយ កាលពីថ្ងៃចន្ទបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ទន្ទឹងរង់ចាំការពង្រីកភាព ជាដៃគូជាសកល សម្រាប់ការរីកចម្រើននៃសកម្មភាពអវកាសពាណិជ្ជកម្ម ។ លោកបានចូលនិវត្តន៍ពីទីភ្នាក់ងារ រុករកអវកាសជប៉ុននៅចុងខែមីនាបន្ទាប់ពីបានបន្តកំណត់ត្រា បេសកកម្មអវកាសចំនួន៥ ។
ក្រុមហ៊ុន Axiom Space មានមូលដ្ឋាននៅទីក្រុង Houston ត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៦ ផ្តល់សេវាកម្មហោះហើរ អវកាសសម្រាប់មនុស្ស ហើយគ្រោងនឹងអភិវឌ្ឍ និងដំណើរការស្ថានីយ៍អវកាស ពាណិជ្ជកម្មនៅចុងទសវត្សរ៍ឆ្នាំ ២០២០ ជាអ្នកស្នងតំណែងរបស់ ស្ថានីយ៍អវកាសអន្តរជាតិ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍នៅប្រហែលឆ្នាំ ២០៣០ ។

ប្រធានអវកាសយានិក Axiom លោក Michael Lopez-Alegria បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទថា យើងមានកិត្តិយស និងរំភើបរីករាយដែលមានលោកWakataបានចូលរួមជាមួយក្រុមក្នុងនាមជាមេបញ្ជាការនាពេលអនាគតនៃបេសកកម្មអវកាសឯកជន ក៏ដូចជាអ្នកជំនាញបច្ចេកទេស និងជាអ្នកដឹកនាំឈានមុខគេក្នុងការអភិវឌ្ឍន៍លំហពាណិជ្ជកម្ម និងការលើកកម្ពស់ភាពជាដៃគូជាសាកល។
លោក Wakata បានទៅបំពេញបេសកកម្មនៅទីអវកាសក្នុងឆ្នាំ ១៩៩៦ ២០០០ ២០០៩ ២០១៣ និង២០២២ បានចំណាយពេលសរុប ៥០៤ ថ្ងៃនៅក្នុងលំហ ជាកំណត់ត្រាសម្រាប់ជនជាតិជប៉ុន។ លោកបានក្លាយជាជនជាតិជប៉ុនដំបូងគេដែលចូលរួមក្នុងការសាងសង់ ISS និងបានបម្រើការជាមេបញ្ជាការរបស់ខ្លួនកាលឆ្នាំ ២០១៤ ជាដំបូងសម្រាប់ជនជាតិជប៉ុន ៕
ដោយ៖លី ភីលីព

Most Popular

To Top