បច្ចេកវិទ្យា

ស្វែងយល់អត្ថន័យ លេខកូដសញ្ញា Check ដែល​មានអក្សរមួយ​នៅខាងមុខ និង លេខ៤ខ្ទង់ខាងក្រោយ

ជាទូទៅ លេខកូដនៃសញ្ញា Check មានអក្សរមួយនៅខាងមុខ និងលេខ៤ខ្ទង់​ នៅខាងក្រោយ ដែល​វាបញ្ជាក់ច្បាស់លាស់​រាល់បញ្ហានីមួយៗ។ សម្រាប់អក្សរនៅខាងមុខនោះ គឺមានដូចជា៖

-P: តំណាងឱ្យពាក្យ Powertrain ដែលសំដៅ​លើប្លុកម៉ាស៊ីន ហើយ​ជួបញឹកញាប់ ​ច្រើនជាងគេបំផុត
-B: តំណាង​ឱ្យពាក្យ Body ដែលសំដៅ​លើតួរថយន្ត
-C: តំណាង​ឱ្យពាក្យ Chassis ដែលសំដៅលើ​សាក់ស៊ី

-U: តំណាង​ឱ្យ Network Communication ឬបណ្តាញ​ទំនាក់ទំនង។

បន្ទាប់មកទៀត គឺ​ជាលេខខ្ទង់ទីមួយ ដែលនៅជាប់​អក្សរខាងលើ ។ លេខដំបូង​នេះ អាច​ជាលេខ 0 ឬលេខ 1។ លេខ 0 ត្រូវ​បាន​បង្កើតឡើងដោយ​អង្គការ​ SAE (Society of Automotive Engineers)។ ឯលេខ 1 បង្ហាញ​កូដ​ជាក់លាក់​របស់​ក្រុមហ៊ុន​ផលិត​រថយន្តមួយ។

ផ្នែក​បន្ទាប់គឺ​ជាលេខខ្ទង់ទីពីរ ដែល​វាអាចមាន​លេខចាប់ពី 0 ដល់ 9។ ក្នុងនោះ៖

លេខ 1: បង្ហាញ​អំពី​បញ្ហាប្រព័ន្ធសាំង ឬខ្យល់ណាមួយជាក់លាក់។ ឧទាហរណ៍ដូចជាបញ្ហា Mass Airflow Sensor។

លេខ 2: បង្ហាញ​ប្រព័ន្ធសាំង ឬខ្យល់ ដូចគ្នា តែអាច​មាន​ច្រើនចំណុច។ ឧទាហរណ៍​​ដូចជា បញ្ហាប្រព័ន្ធ​ប៊ិចសាំង ដែលមានលេខកូដ P0200 ដល់ P0208។

លេខ3: បង្ហាញ​បញ្ហា​នៃការបញ្ឆេះណាមួយ។ ឧទាហរណ៍ដូចជា បញ្ហាប៊ូស៊ី ដែលមានលេខកូដ P0302។

លេខ4: បង្ហាញ​បញ្ហា​ប្រព័ន្ធបញ្ចេញ​ផ្សែង។ ឧទារណ៍​ បញ្ហា​សំបុកឃ្មុំ ដែលមានលេខកូដ P0420។

លេខ5: បង្ហាញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន និង​បញ្ហា​បញ្ឆេះការ៉ង់ទី។

លេខ6: បង្ហាញ​ពី​បញ្ហា​ប្រព័ន្ធបញ្ជារថយន្ត Computer Output Circuit ឬបញ្ហាគ្រឿងអេឡិចត្រូនិច។

លេខ 7,8 ឬ 9: បង្ហាញ​បញ្ហា​ប្រអប់លេខ។ ឧទាហរណ៍ដូចជា បញ្ហា​សម្ពាធ និងសេនស័រដំណើរការ​មិនត្រឹមត្រូវ។

ចំណែក​ពីរខ្ទង់ចុងក្រោយគឺអាចមានលេខចាប់ពី 00 ដល់ 99 ឯណោះ​ ហើយ​លេខពីរខ្ទង់ចុងក្រោយនេះមិនអាចបញ្ជាក់ ឬតំណាង​ឱ្យអ្វីឡើយ ពោលគឺ​វា​ត្រូវពឹងផ្អែក​ទាំងស្រុងលើអក្សរ​និងលេខដែល​ខាងមុខ ទើបអាច​កំណត់​ឃើញ​បញ្ហា​ច្បាស់លាស់៕

Most Popular

To Top