ពេលបញ្ឆេះរថយន្តម្តងៗ ឃើញមានផ្សែងចេញពីបំពង់ស៊ឺមាំង ទោះតិចឬច្រើនក៏ដោយ សូមកុំគិតថា វាជារឿងធម្មតារបស់រថយន្តឱ្យសោះ ពោលគឺវាសុទ្ធតែជាការបញ្ចេញ រោគសញ្ញានូវភាពមិនប្រក្រតីណាមួយ របស់ម៉ាស៊ីនរថយន្តហើយ។ ជាងនេះទៅទៀត លោកអ្នកក៏ត្រូវកត់សម្គាល់ ពីពណ៌របស់ផ្សែងនោះទៀតផងដែរ ព្រោះថាពណ៌របស់វាអាចបញ្ជាក់ពីបញ្ហាមួយចំនួនសម្រាប់រថយន្ត សាំងដូចខាងក្រោម ៖
ពណ៌ស៖ ក្នុងករណីមានអាកាសធាតុត្រជាក់ គឺវាអាចជាផ្សែង ដែលកើតចេញពីចំហាយទឹក ក្នុងបំពង់ស៊ឺមាំងដែលប៉ះគ្នាជាមួយចំហេះសាំង នៅពេលម៉ាស៊ីនរថយន្តដំណើរការ ។ សម្រាប់ករណីនេះ គឺវាបញ្ចេញផ្សែងតិចៗមួយសន្ទុះប៉ុណ្ណោះ មិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែបើវាចេញផ្សែងច្រើនខ្លាំង គឺជារឿងដែលត្រូវបារម្ភ និងត្រូវយកទៅឆែកនៅហ្គារ៉ាស់ជាបន្ទាន់ ព្រោះវាអាចជាសញ្ញា នៃការឆ្លងរ៉ងគុយឡាស់ ដែលធ្វើឱ្យទឹកស្អំលេចជ្រាបចូលប្រេងម៉ាស៊ីន។
ពណ៌ខៀវ ៖ វាអាចពាក់ព័ន្ធនឹង ការអស់ក្រវាត់ប៊ិស្តុង ការខូចរ៉ងការពារជម្រាបសាំង ឬបញ្ហាទាក់បូជាដើម។
ពណ៌ខ្មៅ៖ អាចជាចំហេះឥន្ធនៈ ច្រើនពេកដែលត្រូវបានដុត ឬអាចជាបញ្ហាតម្រងខ្យល់ ឬបញ្ហាប្រព័ន្ធប៊ិចសាំង។
ពណ៌ប្រផេះ ៖ ចាក់ប្រេងម៉ាស៊ីនលើស ដែលនាំឱ្យចេញផ្សែងច្រើនខ្លាំង ពេលបញ្ឆេះដំបូង ឬអាចជាការខូចវ៉ាល់ PCV (វ៉ាល់ហ៊ើយ) ឬអាចជាការលេចជ្រាបប្រេង ប្រអប់លេខ ចូលក្នុងប្លុកម៉ាស៊ីនផងដែរ៕