ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញឡានប្រភេទ Minivan អគ្គិសនី ម៉ូដែល ID.Buzz GTX ថ្មី ដែលមានលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍មែនទែន។
ID.Buzz GTX ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំងសរុប 335 HP ហើយប្រើកញ្ចប់អាគុយទំហំ 79 kWh សម្រាប់ម៉ូដែល 5 កៅអី និង ទំហំ 86 kWh សម្រាប់ម៉ូដែល 6 កៅអី។ ថ្វីបើ Volkswagen មិនទាន់បានបង្ហាញតួលេខនៃចម្ងាយបើកបររបស់វា ប៉ុន្តែបានបញ្ជាក់ថា វាគាំទ្រល្បឿនសាកភ្លើងលឿន កម្លាំងដល់ 200 kW ដែលមានន័យថា ការសាកភ្លើងពី 20 ទៅ 80% ប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។
ឡាន Minivan មួយនេះ អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 6.5 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed 160 KM/H។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ដល់ 1.8 តោនទៀតផង។

បើនិយាយពីរូបរាងវិញ ឡាន Volkswagen ID.Buzz ត្រូវបានផលិតឡើងដោយបំផុសគំនិតតាមឡាន Volkswagen T1 ដែលជាឡានក្រុងខ្នាតតូច ចេញលក់កាលអំឡុងឆ្នាំ 1950 និងមានកេរ្តិ៍ឈ្មោះល្បីខ្លាំង ខណៈ ID.Buzz នេះ គឺមានការឌីហ្សាញបែបទាន់សម័យ និងទំនើប ដោយអំពូលបំភ្លឺពេលថ្ងៃ LED របស់វាឌីហ្សាញបែបឈ្នូតដិតព័ទ្ធជុំវិញចង្កៀងមុខ និងលាតកាត់ពេញផ្នែកខាងមុខ តែម្តង។ ចំណែកឯផ្នែកខាងក្រោយក៏មិនខុសគ្នាប៉ុន្មានដែរ ដោយស្តុប LED របស់វាឌីហ្សាញបែបឈ្នូតៗ លាតកាត់ពេញផ្នែកខាងក្រោយដែរ។

ក្រឡេកទៅមើលមើលផ្នែកខាងក្នុងវិញ វាមានការឌីហ្សាញបែបឆើតឆាយ មើលទៅទាន់សម័យ និងលេចធ្លោខ្លាំងមែនទែន ដោយក្នុងនោះវាមានបំពាក់កុងទ័រឌីជីថលទំហំដល់ 10 អ៊ីញ និង អេក្រង់កម្សាន្តទំហំដល់ 12.9 អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ខណៈប៊ូតុងបញ្ជាមុខរបស់វាជាប្រភេទ Touch ហើយក៏មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង រន្ធសាកថ្ម USB-C ជាដើម។

