អ៊ុយក្រែន ៖ មន្ត្រីសង្គ្រាមព័ត៌មាន កំពូលម្នាក់ របស់អ៊ុយក្រែន បានប្រាប់ Bloomberg កាលពីថ្ងៃអង្គារឲ្យដឹងថា ទីក្រុងគៀវ ចង់បានជំនួយ របស់កម្មវិធីវីដេអូខ្លី TikTok ដើម្បីទប់ទល់នឹងការត្រួតត្រា របស់ទីក្រុងម៉ូស្គូ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សមួយនោះណាស់ ។
យោងតាមសារព័ត៌មាន ដែលបានសម្ភាសលោក Andrey Kovalenko ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិត (CCD) នៅក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ប្រជាជនរុស្ស៊ីកំពុងរីកចម្រើនលើប្រព័ន្ធអ៊ីនធើណេត ក៏ដូចជានៅក្នុងសមរភូមិ ។
លោក Kovalenko បានបន្តថា ប្រទេសរុស្ស៊ី កំពុងគ្រប់គ្រងពួកយើងនៅលើ TikTok ដោយសារតែទំហំ នៃការខិតខំប្រឹងប្រែង របស់ខ្លួន ។ យើងត្រូវកែសម្រួល វិធីសាស្រ្តរបស់យើង ហើយពិចារណាផ្តោត លើបណ្តាញសង្គមមួយនេះដែរ ។
យោងតាមលោក Kovalenko បានបន្ថែមថា ជនជាតិរុស្ស៊ីកំពុងធ្វើការ ជាប្រព័ន្ធបង្កើតគណនី ក្លែងក្លាយជាមួយស៊ីមកាត អ៊ុយក្រែន និងក្បួនដោះស្រាយ TikTok “លេងហ្គេម” ដើម្បីឈានទៅដល់ទស្សនិកជន កាន់តែទូលំទូលាយ ក្នុងប្រទេសអ៊ុយក្រែន ។
នេះបើយោងតាម Bloomberg ថា លោក Kovalenko បានបញ្ជាក់ថា ទន្ទឹមនឹងនេះដែរ មិនមានអ្នកបង្កើត ជនជាតិអ៊ុយក្រែន ច្រើនទេនៅលើវេទិកា។ គណនីផ្ទាល់ខ្លួនរបស់លោកមានអ្នកតាមដានប្រហែល ៥៤៣,០០០ នាក់ មានវីដេអូដែលគូសបញ្ជាក់ទស្សនៈ របស់អ៊ុយក្រែនលើសង្រ្គាម ។
លោក Kovalenko ធ្លាប់បានរុញច្រានការទាមទារ របស់មន្ត្រីអ៊ុយក្រែនឲ្យហាមឃាត់ Telegram ដោយលើកហេតុផលថា វាមិនអាចទៅរួច មិនអាចអនុវត្តបាន និងពិតជាធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការឃោសនារបស់ទីក្រុងគៀវ ។ លោកបានប្រាប់ Bloomberg ថា លោកមិនពេញចិត្ត ចំពោះការហាមប្រាម TikTok នោះទេ ប៉ុន្តែចង់ឲ្យក្រុមហ៊ុន បើកការិយាល័យ នៅទីក្រុងគៀវដើម្បី ជួយប្រយុទ្ធប្រឆាំងនឹងព័ត៌មាន មិនពិតឲ្យកាន់តែមានប្រសិទ្ធភាព ៕
ដោយ៖លី ភីលីព