បច្ចេកវិទ្យា

ឡាន​លោត​ សញ្ញា​ធុងសាំង ! តើអាចបើកបាន​ប៉ុន្មាន គីឡូទៀត ទើបឡានរលត់?

កង្វល់​ដ៏ធំមួយ របស់​អ្នកបើកបររថយន្ត គឺនៅពេល​ឃើញ ​លោតសញ្ញាធុងសាំង ក្នុងកុងទ័រម្តងៗ ដែលបញ្ជាក់​ថា រថយន្តសល់សាំង ក្នុងកម្រិតទាបបំផុត ​ដែល​តម្រូវឱ្យចាក់បំពេញ​ជាបន្ទាន់ ។ យ៉ាងណាមិញ ប្រសិន​បើអ្នកកំពុង​ស្ថិតនៅឆ្ងាយពី​ការ៉ាស់សាំង ហើយឃើញ​សញ្ញាធុងសាំងនេះ ប្រាកដ​ជាធ្វើឱ្យអ្នកមាន អារម្មណ៍មិនស្ងប់​ឡើយ ព្រោះខ្លាច​រលត់​រថយន្ត​កណ្តាលផ្លូវ ។

ការពិតទៅ នៅពេល​លោតចេញ​ សញ្ញាធុងសាំង​នេះម្តងៗ វាបង្ហាញ​ថា កម្រិត​សាំង​គឺ​នៅសល់​ប្រមាណពី ១០ ទៅ ១៥ភាគរយនៃចំណុះធុងសាំង​រថយន្តនីមួយៗ ដែល​អនុញ្ញាតឱ្យ​អ្នកអាចបើកបរ​ បាន​រាប់សិបគីឡូម៉ែត្រទៀត ទើបអស់​សាំងតែម្តង នេះបើយើង និយាយតែការបើកបរ លើ​ផ្លូវ​ដែលមិនមាន​ការកកស្ទះ។

មានការសិក្សាមួយ​ទៅលើ​រថយន្តចំនួន​ ៥០ម៉ូឌែល ​ដែលលក់​នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០១៥ ដែល​បង្ហាញ​ពីចម្ងាយ​បើកបរ​ ក្រោយចេញ សញ្ញាធុងសាំង។ ទោះជាយ៉ាងនេះក្តី រថយន្តស៊េរីចាស់ៗ ឬទំនើបជាងនេះ ក៏ប្រហែលមិនខុស គ្នាប៉ុន្មានដែរ ។ ក្នុងនោះយើងសូមលើយក Toyota Camry ដែលបន្ទាប់ពីចេញសញ្ញា​ធុងសាំង គឺ​នៅសល់សាំង ក្នុងធុងប្រមាណ ៩,៨លីត្រទៀត និងអាច​បើកបានចម្ងាយប្រហែល ១០០គីឡូម៉ែត្រឯណោះ។ សូមមើលតារាងខាងក្រោមបន្ថែម ៖

ទោះក្នុង​ស្ថានភាព​បែបណាក៏ដោយ យើងសូមណែនាំថា កុំព្យាយាមប្រថុយ​បើកបរ​ទាំងសាំង​ ក្នុងកម្រិតទាបឱ្យសោះ ព្រោះ​ប្រសិនបើអ្នកបើករហូតទាល់តែសាំងស្ងួតអស់ វា​អាច​នឹង​បង្ក​ផល ប៉ះពាល់​រថយន្ត ពោលគឺ​សាំងកាន់តែជិតអស់​ បូមសាំង​នឹងបូម​ដោយទាំងកំណកកម្ទេចកម្ទីដែល​ស្ថិតនៅបាតធុង ដែល​អាចធ្វើឱ្យ​ខូចបូមសាំង និង​តម្រងសាំង ព្រមទាំងសំបុកឃ្មុំផងដែរ ៕

Most Popular

To Top