អាមេរិក ៖ នេះបើតាមព័ត៌មាន កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមនុស្ស៣ នាក់ដែលមានចំណេះដឹង អំពីគម្រោងនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple កំពុងតែអភិវឌ្ឍ iPhone ស៊េរីស្តើងអាចនឹង បង្ហាញវត្តមាន នៅលើទីផ្សារក្នុងឆ្នាំ ២០២៥ ។
របាយការណ៍បាននិយាយថា កំណែស្តើងជាងនេះទំនងជាមានតម្លៃខ្ពស់ជាង iPhone Pro Max របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹង iPhone 17 នៅខែកញ្ញា ឆ្នាំ ២០២៥។
របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនដែល មានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា នៅតែកំពុងសាកល្បងការរចនាផ្សេងៗគ្នា សម្រាប់ឧបករណ៍នេះ ដែលមានឈ្មោះថា D23 អាចមានដំណើរការជំនាន់ចុង ក្រោយរបស់ Apple ត្រូវហៅថា A19 ។
Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ របស់ Reuters ទេ។ កំណែទម្រង់ដែលរំពឹងទុកបានគូសបញ្ជាក់ពីតម្រូវការរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើន iPhone ជាផលិតផលដ៏ពេញនិយមបំផុត របស់ក្រុមហ៊ុននេះ ខណៈវាប្រកួតប្រជែងជាមួយ នឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ពីក្រុមហ៊ុន Honor និង Huawei នៅប្រទេសចិន និង Samsung Electronics ទូទាំងពិភពលោក ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ International Data Corporation បានឲ្យដឹងថា Samsung មានចំណែកធំបំផុតនៃទីផ្សារស្មាតហ្វូនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ជាមួយនឹង ២០.៨ភាគរយ បន្ទាប់មកចំណែកទីផ្សាររបស់ Apple ១៧.៣ ភាគរយ។
សម្រាប់ត្រីមាសទី ២ សារពើពន្ធ ការលក់ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១០.៥ភាគរយមកនៅត្រឹម ៤៥.៩៦ ពាន់លានដុល្លារ។ របាយការណ៍បាននិយាយថា Apple ក៏មានគម្រោងទម្លាក់ iPhone Plus ម៉ូដែលមានតម្លៃថោករបស់ខ្លួន ហើយមានបំណងដាក់លក់ iPhone តម្លៃថោកជាង ជាអ្នកស្នងតំណែងពី iPhone SE របស់ខ្លួននៅនិទាឃរដូវឆ្នាំ ២០២៥ នេះ ។
ដំណឹងនេះកើតឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញ iPad Pro ជំនាន់ចុងក្រោយរបស់ខ្លួន ជាមួយនឹងបន្ទះឈីបថ្មី សម្រាប់ កុំព្យូទ័រឆ្លាត វៃសិប្បនិម្មិត ខណៈវាប្រញាប់ប្រញាល់តាមទាន់គូប្រជែង Big Tech របស់ខ្លួនក្នុងការប្រជែងដណ្តើម យកបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ៕
ដោយ៖លី ភីលីព