បច្ចេកវិទ្យា

Nvidia ជាក្រុមហ៊ុន មានតម្លៃបំផុត លើពិភពលោក បន្ទាប់ពីវ៉ាដាច់ក្រុមហ៊ុន យក្សអាមេរិក Microsoft

AFP

អាមេរិក ៖ ក្រុមហ៊ុន Nvidia បានក្លាយជាក្រុមហ៊ុនមានតម្លៃបំផុត របស់ពិភពលោក កាលពីថ្ងៃអង្គារ ដោយបានវ៉ាដាច់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Microsoft ដែលមានទម្ងន់ធ្ងន់ ខណៈប្រព័ន្ធដំណើរការកម្រិតខ្ពស់ របស់ខ្លួនដើរតួនាទីសំខាន់ ក្នុងការប្រជែងដណ្តើមយកបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ។

ភាគហ៊ុន របស់ក្រុមហ៊ុនផលិតបន្ទះឈីបបានកើនឡើង ៣.៧ភាគរយដល់ ១៣៥.៨៧ ដោយបង្កើនមូលធនប័ត្រទីផ្សារ របស់ខ្លួនដល់ ៣.៣៤១ ពាន់ពាន់លានដុល្លារ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីវ៉ាដាច់ក្រុមហ៊ុនផលិត iPhone Apple ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតទី២ ។

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft គឺ ៣.៣១៤ ពាន់ពាន់លានដុល្លារ ខណៈភាគហ៊ុន របស់ខ្លួនបានធ្លាក់ចុះ ០.៥ភាគរយ ។ ភាគហ៊ុន របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.២ភាគរយដោយដាក់តម្លៃ របស់វាដល់ទៅ ៣.២៨០ ពាន់ពាន់លានដុល្លារ ។
ការកើនឡើង នៃតម្លៃទីផ្សារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Nvidia ក្នុងឆ្នាំកន្លងទៅនេះ បានក្លាយជានិមិត្តរូប នៃភាពច្របូកច្របល់របស់ Wall Street ដែលជំរុញដោយសុទិដ្ឋិនិយម អំពីបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើន ។

S&P 500, Nasdaq នៅកម្រិតខ្ពស់បំផុត ៖ ការប្រមូលផ្តុំរបស់ Nvidia បានលើក S&P 500 និង Nasdaq ឲ្យកើនឡើងខ្ពស់ ហើយអ្នកវិនិយោគមួយចំនួន ព្រួយបារម្ភថា សុទិដ្ឋិនិយមដែលមិនអាចប្រកែកបានអំពី AI អាចហួតបានប្រសិនបើមានសញ្ញាបង្ហាញ ពីការធ្លាក់ចុះនៃការចំណាយលើបច្ចេកវិទ្យា។
លោក Steve Sosnick ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារ នៅ Interactive Brokers បាននិយាយថា វាជាទីផ្សាររបស់ Nvidia យើងទាំងអស់គ្នាគ្រាន់ តែធ្វើការ ជួញដូរ នៅក្នុងវា ។ Nvidia ក៏បានក្លាយជាក្រុមហ៊ុន ជួញដូរច្រើនបំផុតនៅ Wall Street ជាមួយនឹងចំណូល ប្រចាំថ្ងៃជាមធ្យម ៥០ ពាន់លាន ដុល្លារ កាលពីពេលថ្មីៗនេះ បើធៀប នឹងប្រហែល ១០ ពាន់លានដុល្លារសម្រាប់ Apple, Microsoft និង Tesla ។ ឥឡូវនេះក្រុមហ៊ុនផលិតបន្ទះឈីប មានប្រហែល ១៦ ភាគរយនៃការជួញដូរទាំងអស់ នៅក្នុងក្រុមហ៊ុន S&P 500 ។

ភាគហ៊ុនរបស់ Nvidia បានកើនឡើងជិត៣ដង មកទល់ពេលនេះ ធៀបនឹងការកើនឡើងប្រហែល ១៩ភាគរយ នៅភាគហ៊ុនរបស់ Microsoft ជាមួយនឹងតម្រូវការ សម្រាប់ processors កំពូលរបស់ខ្លួនលើសពីការផ្គត់ផ្គង់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft, Meta Platforms និង Google-owner Alphabet កំពុងប្រកួតប្រជែងដើម្បីបង្កើតសមត្ថភាពកុំព្យូទ័រ AI របស់ពួកគេ និងបន្ថែមបច្ចេកវិទ្យា ទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ៕
ដោយ៖លី ភីលីព

Most Popular

To Top