ក្រុមហ៊ុនផលិតអាគុយដ៏ធំបំផុតរបស់ចិន CATL ដែលស្ថិតក្នុងគម្រោងផលិតយន្តហោះអគ្គិសនីមួយ បានបង្ហាញក្តីរំពឹងថា អាគុយរបស់ខ្លួននឹងជួយឱ្យយន្តហោះ ធ្វើដំណើរបានដល់ចម្ងាយប្រហែល ២០០០ ទៅ ៣០០០គីឡូម៉ែត្រ នៅត្រឹមឆ្នាំ២០២៧-២០២៨។

លោក Robin Zeng ប្រធានក្រុមហ៊ុន CATL បានឱ្យដឹងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលធ្វើឡើងនៅក្រុង Dalian ខេត្ត Liaoning ប្រទេសចិនថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនបានបញ្ចេញព័ត៌មានអំពីចម្ងាយបើកបររបស់យន្តហោះអគ្គិសនី។
គួរដឹងថា គម្រោងយន្តហោះអគ្គិសនីនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CATL និង ក្រុមហ៊ុនរដ្ឋចិន Commercial Aircraft Corporation បន្ទាប់ពីចូលរួមទុនជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ២០២៣។
ក្រុមហ៊ុននេះ បានទទួលជោគជ័យរួចមកហើយក្នុងការធ្វើតេស្តបើកបរយន្តហោះអគ្គិសនីទម្ងន់ ៤តោន ហើយរំពឹងថា នឹងអាចបន្តធ្វើតេស្តលើយន្តហោះទម្ងន់ ៨តោនទៀត នៅក្នុងអំឡុងបីបួនឆ្នាំខាងមុខ។
គម្រោងយន្តហោះអគ្គិសនីរបស់ក្រុមហ៊ុន CATL នេះ គឺប្រើប្រាស់អាគុយប្រភេទ Condensed Battery ដែល១បន្ទះអាចផ្ទុកថាមពលច្រើនជាង២ដង នៃបន្ទះអាគុយរថយន្តអគ្គិសនី។ អាគុយនេះ ត្រូវបានក្រុមហ៊ុន CATL បង្ហាញចេញកាលពីឆ្នាំមុន សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មយន្តហោះអគ្គិសនី៕
