បច្ចេកវិទ្យា

Samsung សន្យាថានឹងបន្តការបណ្តាក់ ទុននៅប្រទេសវៀតណាម ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់

ទីក្រុងសេអ៊ូល៖ប្រធានក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung លោក Lee Jae Yong បាននិយាយថា នឹងធ្វើការវិនិយោគដ៏រឹងមាំនៅប្រទេសវៀតណាមក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យប្រទេសនេះផលិតម៉ូឌុលអេក្រង់ដ៏ធំបំផុតរបស់ខ្លួននៅទូទាំងពិភពលោក។


លោកបានប្រាប់នាយករដ្ឋមន្ត្រី Pham Minh Chinh នៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារថា ជោគជ័យរបស់វៀតណាមគឺជាជោគជ័យរបស់ Samsung ដោយបន្ថែមថា Samsung ប្តេជ្ញាធ្វើដំណើរជាមួយវៀតណាមក្នុងរយៈពេលវែង។

កាលពីខែឧសភា ប្រធានបានប្រាប់នាយករដ្ឋមន្ត្រី Chinh ថា Samsung នឹងវិនិយោគប្រហែល ១ ពាន់លានដុល្លារនៅប្រទេសវៀតណាមក្នុងមួយឆ្នាំ។


លោក Chinh បានសរសើរភាពជោគជ័យរបស់ Samsung នៅប្រទេសវៀតណាម ហើយបានស្នើឲ្យក្រុមហ៊ុនធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងប្រទេស និងធ្វើឲ្យប្រទេសនេះក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការផលិត និងស្រាវជ្រាវ។
លោកបានបន្ថែមថា វៀតណាមកំពុងធ្វើការផ្លាស់ប្តូរគោលនយោបាយដើម្បីទាក់ទាញវិនិយោគិនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ គ្រឿងអេឡិចត្រូនិក និង AI ។ វៀតណាមក៏កំពុងធ្វើការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ដើម្បីពង្រីកការនាំចេញទៅកាន់មជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាហ្វ្រិក នឹងជួយចែកចាយផលិតផល Samsung ទៅកាន់ទីផ្សារទាំងនេះ។


នាយករដ្ឋមន្ត្រីបានជំរុញឲ្យក្រុមហ៊ុន Samsung បង្កើនការធ្វើមូលដ្ឋានីយកម្មនៃផលិតកម្ម និងអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាមចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ លោកចង់ឲ្យក្រុមហ៊ុន Samsung ផ្តល់ការបណ្តុះបណ្តាលគុណភាពខ្ពស់ដល់បុគ្គលិកវៀតណាម។


លោក Lee បានបន្តថា ក្រុមហ៊ុនវៀតណាមចំនួន ៣១០ ឥឡូវនេះគឺជាអ្នកផ្គត់ផ្គង់ Samsung ហើយចំនួននេះបានកើនឡើង ១២ ដងធៀបនឹងឆ្នាំ ២០១៤។ វិស្វករ និងអ្នកស្រាវជ្រាវប្រហែល ២៥០០នាក់កំពុងធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅទីក្រុងហាណូយ ជាកន្លែងដែល Samsung កំពុងស្រាវជ្រាវឧបករណ៍ AI និង 5G ។


លោក Chinh បានបន្ថែមថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ លោកសង្ឃឹមថានឹងបានឃើញនាយកប្រតិបត្តិវៀតណាមម្នាក់ក្នុងក្រុមប្រឹក្សាភិបាលរបស់ Samsung Vietnam ។ Samsung ជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតនៅប្រទេសវៀតណាម ជាមួយនឹងរោងចក្រចំនួន ៤ ក្នុងប្រទេស ជាមួយនឹងការវិនិយោគសរុបចំនួន ២ ពាន់លានដុល្លាររហូតមកដល់បច្ចុប្បន្ន។


ជាង ៥០ភាគរយនៃស្មាតហ្វូនរបស់ខ្លួនដែលបានលក់ទូទាំងពិភពលោកគឺផលិតនៅប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយាកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo និងភរិយា៕

ដោយ៖លី ភីលីព

Most Popular

To Top