អាមេរិក ៖ ការព្រមានជាបន្ទាន់ថ្មីមួយ ដល់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ចំនួន ១.៤៦ ពាន់លាននាក់ បន្ទាប់ពីអ្នកជំនាញ បច្ចេកវិទ្យាបានរកឃើញការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេតថ្មី ដោយផ្តោតលើ Apple ID របស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple តែម្តង។
ពួកអ្នកវាយប្រហារតាមប្រព័ន្ធ អ៊ីនធើណេតថ្មីទំាងនេះ កំពុងប្រើយុទ្ធនាការបន្លំ SMS ដែលបានផ្ញើសារដោយអះអាងថា ពួកគេមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដោយជំរុញឲ្យអ្នកប្រើប្រាស់ចូលទៅកាន់តំណទៅកាន់ ‘សំណើសំខាន់’ អំពី iCloud ។
ក្រុមហ៊ុនសន្តិសុខ Symantec ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញការវាយប្រហារនៅខែនេះ ដោយព្រមានថា តំណភ្ជាប់នាំទៅដល់គេហទំព័រក្លែងក្លាយ ដែលជំរុញឲ្យអ្នកប្រើប្រាស់ប្រគល់ព័ត៌មាន Apple ID របស់ពួកគេ។
ក្រុមហ៊ុន Apple បានបង្កើតគោលការណ៍ ណែនាំសម្រាប់ការវាយប្រហារបែបនេះ ដោយអំពាវនាវឲ្យម្ចាស់ iPhone ប្រើប្រាស់ការផ្ទៀងផ្ទាត់កត្តាចំនួន ២ ដែលទាមទារពាក្យសម្ងាត់ និងលេខកូដផ្ទៀងផ្ទាត់ ៦ ខ្ទង់ ដើម្បីចូលប្រើគណនី របស់ពួកគេពីឧបករណ៍ខាងក្រៅ។
Symantec បានចែករម្លែក នៅលើគេហទំព័ររបស់ខ្លួនថា ព័ត៌មានសម្ងាត់ទាំងនេះមានតម្លៃខ្ពស់ ផ្តល់ការគ្រប់គ្រងលើ ឧបករណ៍ ការចូលប្រើព័ត៌មាន ផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ និងប្រាក់ចំណូល ដែលមានសក្តានុពល តាមរយៈការទិញ ដោយគ្មានការអនុញ្ញាត៕