វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម ៩ នាក់ក្នុងចំណោម ១០ នាក់ បានប្រើប្រាស់សេវាអ៊ីនធើណេតតាមទូរស័ព្ទចល័ត ហើយភាគច្រើនជាអ្នកប្រើប្រាស់ស្មាតហ្វូន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការតភ្ជាប់ឌីជីថលរបស់ប្រទេស។
ក្រសួងព័ត៌មាន និងទំនាក់ទំនងបានប្រកាសក្នុងសន្និសីទស្ដីពីការប្រើប្រាស់អ៊ីនធើណេតក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំកាលពីថ្ងៃចន្ទថា អត្រាប្រើប្រាស់អ៊ីនធើណេតនាពេលបច្ចុប្បន្នក្នុងប្រទេសវៀតណាមត្រូវបានប៉ាន់ប្រមាណ ថា នឹងឈានដល់ ៧៨.១ភាគរយ ហើយចំនួននៃការជាវសម្រាប់ទាំងអ៊ីនធើណេតចល័ត និងប្រ័ន្ធអ៊ីនធើណេតបានកើនឡើងយ៉ាងខ្លាំង។
ជាពិសេស ការប្រើប្រាស់សេវាអ៊ីនធើណេត ចល័តបានកើនឡើង ៧.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ បានឈានដល់ជាមធ្យម ៩១.៩ ក្នុងមនុស្ស ១០០ នាក់។ នេះជាលើកដំបូងដែលអត្រានេះបានកើនលើស ៩០ ភាគរយលើសពីគោលដៅរបស់ក្រសួង ៨៧,៥% សម្រាប់ឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ ក្នុងចំណោមការប្រើប្រាស់ទូរស័ព្ទចល័តចំនួន ១២០ លានក្នុងប្រទេសវៀតណាម ១០០ .៧ លាននាក់ជាអ្នកប្រើប្រាស់ស្មាតហ្វូន កើនឡើង ០.១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងអ៊ីន ធើណេតថេរ ចំនួននៃការជាវឈានដល់ ២៣នាក់ក្នុងចំណោម ១០០ នាក់ កើនឡើង ៦.៨ភាគរយសម្រេចបាន ៩៦ភាគរយនៃផែនការប្រចាំឆ្នាំ។ ក្នុងចំណោមនោះ ភាគរយនៃគ្រួសារដែលប្រើប្រាស់ខ្សែកាបអុបទិកគឺ ៨២.២ភាគរយ៕