បច្ចេកវិទ្យា

ម៉ាឡេស៊ី ជំរុញឲ្យក្រុមហ៊ុន ផ្សព្វផ្សាយសង្គម ស្នើសុំអាជ្ញាប័ណ្ណបទប្បញ្ញត្តិថ្មី ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសតាមប្រព័ន្ធអ៊ីនធើណេត

ម៉ាឡេស៊ី៖រដ្ឋាភិបាលបាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងតម្រូវឲ្យសេវាប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សទំាងអស់ស្នើសុំអាជ្ញាប័ណ្ណថ្មី ប្រសិនបើពួកគេមានអ្នកប្រើប្រាស់ច្រើនជាង ៨ លាននាក់ក្នុងប្រទេស ចាប់ពីថ្ងៃទី ១ ខែសីហា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើន ឡើងនៃបទល្មើសតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

គណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាប័ណ្ណ គឺស្របតាមការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសេវាផ្ញើសារតាមអ៊ីនធើណេតគោរពតាមច្បាប់ម៉ាឡេស៊ីដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ ការគំរាមកំហែងតាមអ៊ីនធើណេត និងឧក្រិដ្ឋកម្មផ្លូវភេទ។

គណៈកម្មការបាននិយាយថា ប្រសិនបើសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមមិន ធ្វើការស្នើសុំអាជ្ញាប័ណ្ណត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នោះ គណៈកម្មការនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពួកគេ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយថា និយតករបានចេញសេចក្តីណែនាំដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តល់មតិកែលម្អលើកង្វល់របស់រដ្ឋាភិបាលទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណេត និងខ្លឹមសារគ្រោះថ្នាក់ ដែលបានរកឃើញនៅលើវេទិការបស់ពួកគេ។

ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីការកើន ឡើងយ៉ាងខ្លាំងនៃមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កគ្រោះថ្នាក់នៅដើមឆ្នាំនេះ ហើយបានជំរុញឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងមេតា Facebook និងវេទិកាវីដេអូខ្លី TikTok បង្កើនការត្រួតពិនិត្យនៅលើវេទិការបស់ពួកគេ។

បច្ចុប្បន្ន និយតករទំនាក់ទំនងអាចដាក់ ទង់មាតិកាដែលបំពានច្បាប់ក្នុងស្រុកចំពោះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែវាអាស្រ័យលើវេទិកាក្នុងការសម្រេចចិត្តលើការលុប ខ្លឹមសារចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតផង៕

Most Popular

To Top