អនុប្រធានសហព័ន្ធកីឡាយានយន្ត ឯកឧត្ដម ទៀ ស្យាម នាំតារាច្នៃឡានពិភពលោក Akira Nakai San មកកម្ពុជាធ្វើឲ្យផ្អើលអ្នកលេងឡាន និងពេញប្រព័ន្ធ Social ខណៈមានអ្នកមកមើលច្រើនពីទឹកដៃកែច្នៃផ្ទាល់កាលពីព្រឹកមិញនៅ RWB Cambodia។
ឯកឧត្ដម ទៀ ស្យាម បានឲ្យដឹងថា ទម្រាំអាចទាក់ទង និងអញ្ជើញលោក Akira Nakai San មកកាន់ប្រទេសកម្ពុជាបានគឺចំណាយពេលខ្ទង់ ២ឆ្នាំឯណោះ។ មួយវិញទៀតគឺឯកឧត្ដមទៅប្រទេសជប៉ុនដោយផ្ទាល់ជាច្រើនដងទៀតផង។

លោក Akira Nakai San (ឆ្វេង)
ថ្លែងក្នុងពេលសម្ពោធ RWB Cambodia ព្រឹកមិញនេះឯកឧត្ដមបន្ថែមទៀតថា នេះជាមោទកភាពមួយសម្រាប់កម្ពុជាផងដែរដែលកំពូលអ្នកច្នៃឡានពិភពលោកបានមកកម្ពុជា និងធ្វើការកែច្នៃនៅក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។

រូបភាពហ្វេសបុក RWB
តាមរយៈការអញ្ជើញមករបស់លោក Akira Nakai San និងជំរុញលើកែច្នៃឡាននៅកម្ពុជាមានកាន់តែច្រើន និងអាចឈានទៅដល់ការប្រកួតប្រណាំងឡានបែបនេះស្របច្បាប់ និងត្រឹមត្រូវតាមស្តង់ដារអន្តរជាតិផងដែរ។ ដោយសារឯកឧត្ដមជាអនុប្រធានសហព័ន្ធកីឡាយានយន្តស្រាប់ផងនោះឯកឧត្ដមនឹងជំរុញរៀបចំឲ្យមានជាការប្រកួតដូចបានជម្រាបជូនខាងលើដើម្បីបណ្ដុះធនធានកីឡាករ កីឡាការិនីកម្ពុជាឲ្យមានកាន់តែច្រើនឈានដល់ការប្រកួតកម្រិតអន្តរជាតិផងដែរ។
បញ្ជាក់ដែរថា លោក Akira Nakai San គឺជាជនជាតិជប៉ុន និងជាកំពូលអ្នកកែច្នៃឡានលំដាប់ពិភពលោកដែលមានកេរ្តិ៍ឈ្មោះ និងស្នាដៃជាខ្លាំងលើវិស័យកែច្នៃឡាននេះ។ លោកបានដល់កម្ពុជាកាលពីម្សិលមិញដើម្បីចូលរួមសម្ពោធក្រុមហ៊ុន RWB Cambodia និងកែច្នៃឡានជូនឯកឧត្ដម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាផងដែរ៕
























