អាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងទួរគី បានប្រកាសបិទបណ្ដាញសង្គមអ៊ីនស្តាក្រាម (Instagram) ដោយមិនបានផ្ដល់មូលហេតុផ្លូវការ។
កាលពីថ្ងៃសុក្រកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករបស់ប្រទេសទួរគីបានចេញផ្សាយថា៖ «Instagram.com ត្រូវបានបិទ ដោយសេចក្ដីសម្រេចចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤»។ ប្រជាជនទួរគី ៥០លាននាក់ ចំណោម ៨៥លាននាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមនេះ។ ការបិទបណ្ដាញនេះ អាជ្ញាធរទួរគីមិនបានបញ្ជាក់ពីមូលហេតុ ឬ រយៈកាលកំណត់នៃការបិទនេះទេ។
យ៉ាងណាមិញ បើយោងតាមកាសែត Daily Sabah ដែលជាកាសែតច្រើនតែនិយាយអំពីជំហររបស់រដ្ឋាភិបាល បានចុះផ្សាយថា ការបិទបណ្ដាញសង្គមនេះជាការឆ្លើយតបនឹង «ការលុបផុស [ដោយក្រុមហ៊ុន Meta] ទាក់ទងនឹងលោក Haniyeh»។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនបានឱ្យដឹងថា ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញសង្គមធំៗដូចជា Facebook និង Instagram បានលុបការបង្ហោះមួយចំនួនរបស់អ្នកប្រើប្រាស់នៅស្រុកទួរគី ដែលពាក់ព័ន្ធនឹងការរំលែកទុក្ខនៃមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន និងជាមេដឹកនាំផ្នែកនយោបាយរបស់ក្រុមហាម៉ាស់។
លោក Ismail Haniyeh ត្រូវបានគេសម្លាប់នៅរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ ខាងអ៊ីរ៉ង់ និងហាម៉ាស់បានចោទថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយឃាតកម្មនេះ។
លោក Fahrettin Altun ដែលជាប្រធានផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីទួរគី Recep Tayip Erdogan បានបង្ហោះនៅបណ្ដាញសង្គម X កាលពីសប្ដាហ៍នេះថ្កោលបណ្ដាញសង្គមអ៊ីនស្តាក្រាម ដែលបានលុបចោលនូវការបង្ហោះរបស់អ្នកប្រើប្រាស់ទួរគី ដែលបានរំលែកទុក្ខដល់លោក Haniyeh។
«នេះជាការបំបិទសិទ្ធិក្នុងការបញ្ចេញមតិស្រស់ៗតែម្ដង»។ នេះបើតាមការបង្ហោះរបស់លោក Altun៕