បច្ចេកវិទ្យា

Meta បានសុំទោស នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ក្រោយលុបសារសម្តែងការ រម្លែកទុក្ខ លោក Haniyeh លើបណ្តាញសង្គម

AFP

ក្រុងគូឡាឡាំពួ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Straits Times បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៦ ខែសីហា Meta Platforms បានសុំទោស ចំពោះការលុបចោលការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាសារមួយសម្តែងការ រម្លែកទុក្ខដល់មន្ត្រី ក្រុមហាម៉ាស់ ចំពោះការធ្វើឃាតមេដឹកនាំក្រុម Ismail Haniyeh ។

អ្នកនាំពាក្យ Meta បានប្រាប់ Reuters ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Meta មានការសោកស្តាយចំពោះកំហុសក្នុងប្រតិបត្តិការ ដោយបន្ថែមថា ខ្លឹមសារត្រូវបានស្ដារឡើងវិញ ជាមួយនឹងស្លាកសញ្ញាព័ត៌មានត្រឹមត្រូវ ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស របស់អាមេរិកបានចាត់តាំងក្រុមហាម៉ាសជាចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាជាតំបន់ដ៏គ្រោះថ្នាក់ និងហាមឃាត់ខ្លឹមសារសរសើរ ក្រុមមួយនេះ។ ក្រុមហ៊ុនបានប្រើកម្មវិធីជាច្រើន ដើម្បីសង្វែងរកឃើញដោយស្វ័យប្រវត្តិ និងការវាយតម្លៃក្នុងការលុប ឬដាក់ស្លាករូបភាពក្រាហ្វិករបស់ក្រុមហាម៉ាស ។

លោក Datuk Seri Anwar បានបង្ហោះនៅលើ Facebook និង Instagram កាលពីថ្ងៃទី ៣១ ខែកក្កដា ជាការថតវីដេអូ នៃការខលតាមទូរស័ព្ទ របស់លោកជាមួយមន្ត្រីហាម៉ាស់ ដើម្បីចូលរួមរម្លែកទុក្ខ ចំពោះការស្លាប់របស់លោក Haniyeh ។ លោកក៏បានបង្ហោះរូបភាពពីការជួបចុងក្រោយរបស់លោកជាមួយលោក Haniyeh នៅប្រទេសកាតា ក្នុងខែឧសភា រួមជាមួយនឹងសាររម្លែកទុក្ខផងដែរ។

រដ្ឋមន្ត្រីទំនាក់ទំនងម៉ាឡេស៊ី និងសមាជិកនៃការិយាល័យ នាយករដ្ឋមន្ត្រីបានជួបតំណាងក្រុមហ៊ុន Meta នៅថ្ងៃទី៥ ខែសីហា ដើម្បីស្វែងរកការពន្យល់ ឲ្យកាន់ច្បាស់ចំពោះហេតុផល នៃការលុបសារចេញពីបណ្តាញសង្គមនេះ៕

Most Popular

To Top