នាឡិកា Casio F-91W ត្បិតថាមានរូបរាង សាមញ្ញអេក្រង់សខ្មៅមិនទំនើប ប៉ុន្ដែវាត្រូវបានប្រើប្រាស់ យ៉ាងច្រើនសម្បើម ដោយក្រុមភេរវករល្បីៗ ធ្វើជាឧបករណ៍បំពាក់លើគ្រាប់បែកនាឡិកា សម្រាប់បញ្ជារឱ្យផ្ទុះពីចម្ងាយ។
មិនតែប៉ុណ្ណោះសូម្បីកំពូលមេដឹកនាំអាល់កៃដា លោក អូសាម៉ា បិនឡាឌិន និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មុនឡើងកាន់តំណែង ក៏ធ្លាប់ពាក់នាឡិកាជប៉ុន F-91W ដែលមានអាយុជិត៣០ឆ្នាំ នេះផងដែរ។
ក្រៅពីនេះ Casio F-91W ក៏ត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយដោយ កងទ័ពប្រទេសសិង្ហបុរី នៅជំរុំហ្វឹកហាត់កងទ័ព អាកាសប្រទេសអាមេរិក និងកងទ័ពអាកាស របស់ចក្រភពអង់គ្លេស ថែមទៀតផង ។
មូលហេតុដែលធ្វើឱ្យ Casio F-91W ទទួលបានការពេញនិយម នោះក៏ព្រោះតែភាពធន់របស់វាមិនថាឡានកិន ដំនឹងញញួរ ធ្លាក់ចូលទឹកដាំពុះ វានៅតែដំណើរការបាន។ រីឯតម្លៃក៏សមរម្យ ក្រោម២០ដុល្លារប៉ុណ្ណោះ ថ្មកាន់បានប្រហែល៧ឆ្នាំ រួមទាំងមានមុខងារ stopwatch អាចបង្ហាញ time zone ពីរខុសគ្នា មានម៉ោងរោទ៍។
ព្រោះតែអត្ថប្រយោជន៍ដ៏ច្រើន ទើបនៅ ឆ្នាំ១៩៩៥ ភេរវករពីរនាក់ឈ្មោះ Murad និង Ramzi Yousef មានជំនាញបង្កើតគ្រាប់បែក បានប្រើនាឡិកា F-91W បំពាក់លើគ្រាប់បែក ដើម្បីបំផ្ទុះសម្លាប់ សម្ដេចប៉ាប Pope John Paul II ពេលទស្សនៈកិច្ចនៅប្រទេសហ្វីលីពីន ។
មិនតែប៉ុណ្ណោះ នៅដើមឆ្នាំ១៩៩៤ Ramzi Yousef បានប្រើនាឡិកា ដដែលបំពាក់លើគ្រាប់បែក ដើម្បីបំផ្ទុះជើង ហោះហើរលេខ ៤៣៤ របស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។ សំណាងដែរការផ្ទុះនេះមិនបានបំផ្លាញយន្តហោះទាំងស្រុង និងអាចចុះចតដោយសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក Casio F-91W ត្រូវបានពេញនិយមពីក្រុមភេរវករ។
Casio F-91W គឺជាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ ដែលអាល់កៃដាចូលចិត្តបំផុត ដោយវាធ្លាប់ត្រូវ បានគេចែកចាយឱ្យប្រើ នៅក្នុងជំរុំបណ្តុះបណ្តាលនៅ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។
មិនទាន់អស់ទេ នៅឆ្នាំ១៩៩៩ លោក Ahmed Ressam ដែលគេស្កាល់ថាជាអ្នកបំផ្ទុះគ្រាប់បែកសហស្សវត្សរ៍ មានបំណងបំផ្ទុះព្រលានយន្តហោះ Los Angeles សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន ដោយមានគ្រាប់បែក ចំនួន៤គ្រាប់លើខ្លួន សុទ្ធតែបំពាក់ដោយនាឡិកា F-91W រួចជាស្រេច។
នៅឆ្នាំ២០០២ ឯកសារសម្ងាត់មួយស្តីពីការឃុំខ្លួនយោធានៅ ឈូងសមុទ្រ Guantanamo នាប្រទេសគុយបា បានសរសេរថា អាជ្ញាធរប៉ាគីស្ថាន បានរកឃើញ នាឡិកា Casio F-91W ចំនួន ៦០០-៧០០ នៅក្នុងឧបករណ៍បំផ្ទុះ ដែលបានរកឃើញនៅ ទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។
រីឯ នៅឆ្នាំ២០១៥ Tariq al-Harzi ដែលជាយុទ្ធជនជាន់ខ្ពស់នៃក្រុមអាល់កៃដា ដឹកនាំក្រុមរដ្ឋអ៊ីស្លាម ត្រូវបានគេនិយាយថា បានបង្រៀនក្រុមភេរវករឱ្យបង្កើតប្រព័ន្ធបំផ្ទុះដោយប្រើ នាឡិកា Casio F-91W ថែមទៀតផង។
យ៉ាងណា នៅឆ្នាំ ២០១៥ ការបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជា Erawan Shrine នាទីក្រុងបាងកក ប្រទេសថៃ ដែលបានសម្លាប់មនុស្ស ២០នាក់ និងរបួស ១២០នាក់ ក្រោយការស៊ើបអង្កេត ក៏គេឃើញមាននាឡិកា F-91W ៤គ្រឿង ជាមួយនឹងគ្រឿងផ្ទុះ ខ្សែភ្លើង ដែលរកឃើញនៅផ្ទះល្វែងមួយ នៅជាយក្រុង របស់ក្រុមបាតុករផងដែរ។
សរុបមក នាឡិកា Casio F-91W មានអាថ៌កំបាំង មិនធម្មតានោះទេ ទាក់ទងក្រុមបាតុករ រួមទាំងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយនៅ ក្នុងអង្គភាពជាច្រើន ។ រីឯការ ប្រើប្រាស់ទូទៅ របស់ប្រជាជនសព្វថ្ងៃវិញ អ្នកជំនាញជាច្រើន និយាយថា F-91W គឺជានាឡិកាដែលលក់ដាច់បំផុត ក្នុងរយៈពេលដ៏យូរ ត្បិតមានអាយុកាលជាង ៣០ ឆ្នាំទៅហើយក្តី៕