រថយន្តភាគច្រើនបំផុត គឺសុទ្ធតែមកជាមួយប៊ូតុងខ្យល់ ដែលមានសញ្ញាព្រួញវិលជុំ ដើម្បីប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងៗ។
មុខងារប៊ូតុងនេះ នៅពេលយើងចុចបើក គឺប្រើប្រាស់សម្រាប់លំហូរខ្យល់ ក្នុងកាប៊ីនវិលជុំ តែនៅពេលយើងបិទ វានឹងទាញយកខ្យល់ពីខាងក្រៅចូលមកក្នុងវិញ។ ដូច្នេះ តើលោកអ្នកគួរបើក ឬបិទប៊ូតុងខ្យល់នេះ នៅពេលណា ឬក្នុងស្ថានភាពណាខ្លះ?
១. ស្ថានភាពដែលគួរបើកប៊ូតុងខ្យល់នេះ
ពេលបើកម៉ាស៊ីនត្រជាក់ ដើម្បីឱ្យវាឆាប់ត្រជាក់ក្នុងកាប៊ីន។
ពេលបើកបរក្នុងទីប្រជុំជន និងកន្លែងដែលមានការកកស្ទះ ដើម្បីកុំឱ្យមានផ្សែងពុលចូលក្នុងកាប៊ីនរថយន្ត។
ការពារកុំឱ្យមានក្លិនស្អុយ ក្លិនផ្សែង ឬក្លិនណាដែលមិនល្អចូលមកក្នុងកាប៊ីន។
ជួយសន្សំសំចៃសាំង ព្រោះវាជួយដល់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាពិសេសគឺក្នុងអាកាសធាតុក្តៅ។
២. ស្ថានភាពដែលគួរបិទប៊ូតុងខ្យល់នេះ ដើម្បីទាញយកខ្យល់ពីខាងក្រៅ
ពេលបើកតាមផ្លូវក្រៅក្រុងស្រឡះល្អ និងមានខ្យល់អាកាសល្អ។
បង្កើនអុកស៊ីសែនក្នុងកាប៊ីន ព្រោះវានឹងជួយឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្រូបអុកស៊ីសែនគ្រប់គ្រាន់ កាត់បន្ថយការងងុយគេង និងការពុល។
ជួយសម្អាតអ័ព្ទចេញពីកញ្ចក់រថយន្តបានលឿន៕