ក្រុមហ៊ុនជប៉ុន Toyota និងក្រុមហ៊ុនអាល្លឺម៉ង់ គ្រោងនឹងបង្កើត កិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើការជំរុញអភិវឌ្ឍរថយន្តចំហេះអ៊ីដ្រូសែន ដែលជាជម្រើសផ្សេងក្រៅពី រថយន្តអគ្គិសនី ដែលកំពុងមានតម្រូវការយឺត ។
គេរំពឹងថា ក្រុមហ៊ុនយក្សរថយន្តទាំងពីរនេះ នឹងចុះ MoU នៅអំឡុងដើមខែកញ្ញា ខាងមុខ ដោយវានឹងជួយកាត់បន្ថយការចំណាយទាំងពីរ របស់ក្រុមហ៊ុនទាំងពីរ។ ក្រោមកិច្ចព្រមព្រៀងនេះ Toyota នឹងបង្កើនតួនាទីរបស់ខ្លួន ដោយការផ្គត់ផ្គង់គ្រឿងបង្គុំសំខាន់ៗសម្រាប់ BMW ដោយរួមមានទាំងធុងអ៊ីដ្រូសែន និងប្រព័ន្ធចំហេះឥន្ធនៈ។ ចំណែក BMW នឹងច្របាច់បញ្ចូលបច្ចេកវិទ្យា EV របស់ខ្លួន ដូចជាប្រព័ន្ធបើកបរជាដើម ទៅក្នុងដំណើរការផលិត ។
គួរដឹងថា BMW កំពុងត្រៀមបញ្ចេញរថយន្តអ៊ីដ្រូសែន iX5 ដែលអាចធ្វើដំណើរបានដល់ជាង ៥០០គីឡូម៉ែត្រ ហើយពេលចាក់បំពេញវិញនោះ ប្រើពេលត្រឹមតែ បីបួននាទីប៉ុណ្ណោះ។ ចំណែក Toyota បានបញ្ចេញលក់រថយន្តអ៊ីដ្រូសែនដ៏ល្បីល្បាញរបស់ខ្លួនរួចមកហើយ គឺ Toyota Mirai។
គួរកត់សម្គាល់ថា ក្រុមហ៊ុនធំៗមួយចំនួន បានចាប់ផ្តើមផ្តោតទៅលើការផលិតរថយន្តអ៊ីដ្រូសែន បណ្តើរៗហើយ។ ក្នុងនោះក្រុមហ៊ុន Honda បានដំណើរការផលិតរថយន្ត Honda CR-V 2025 e:FCEV ដែលប្រើចំហេះអ៊ីដ្រូសែនលាយជាមួយអាគុយ ជាលើកដំបូង។
ថ្មីៗនេះ ក្រុមហ៊ុន Tesla ក៏មានគម្រោងផលិតរថយន្តអ៊ីដ្រូសែន ដោយមើលឃើញថា ថាមពលអ៊ីដ្រូសែន ជាយុទ្ធសាស្រ្តថ្មីក្នុងឧស្សាហកម្មយានយន្តដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ គោលបំណងនៃគម្រោងអ៊ីដ្រូសែនថ្មីរបស់ Tesla គឺប្រើប្រាស់ចំហេះឥន្ធនៈដើម្បីបង្កើតអគ្គិសនី។ ក្នុងនោះ រថយន្ត Tesla ទីមួយដែលប្រើថាមពលអ៊ីដ្រូសែន គឺ Model H ដែលរំពឹងថានឹងចេញឆ្នាំ២០២៦៕