បច្ចេកវិទ្យា

BYD ខ្លាំងលក់ដាច់ជាងគេមែន ប៉ុន្តែកំពុងត្រូវបានក្រុមហ៊ុនចិនគ្នា ឯងមួយទៀត ចេញ EV ថ្មីកាន់តែធូរថ្លៃ ហើយបើកបាន ដល់ជាង ៥០០គ.ម

ថ្វីត្បិតតែបច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន អាមេរិក និងអឺរ៉ុប ពិបាកប្រកួត​ប្រជែងរថយន្តអគ្គិសនី ​ជាមួយក្រុមហ៊ុនចិន BYD ក៏ពិតមែន ប៉ុន្តែ BYD បែរជាត្រូវប្រឈមមុខ ​នឹង​ក្រុមហ៊ុនចិនដូចគ្នាទៅវិញ ។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២៤ ក្រុមហ៊ុនអគ្គិសនីចិន Xpeng បាន​បញ្ចេញ​រថយន្តថ្មី​ជាម៉ូឌែល​លំដាប់ថវិកាដំបូង ក្រោមប្រេន​ថ្មីរបស់ខ្លួន Mona គឺម៉ូឌែល Mo3 ជាប្រភេទស៊ីដេន។ រថយន្តនេះ ក្លាយជាគូប្រជែងដ៏ស្រួចស្រាលរបស់រថយន្ត BYD ដោយបំពាក់ប្រព័ន្ធជំនួយបើកបរស្វ័យប្រវត្តិ និងមានចម្ងាយបើកបររហូតដល់ជាង ៥០០គីឡូម៉ែត្រ​ក្នុងពេលសាកពេញម្តង ជាពិសេសគឺតម្លៃដ៏ធូរថ្លៃ ត្រឹមតែជាង ១ម៉ឺន ៦ពាន់ដុល្លារ។

លោក He Xiaopeng នាយកប្រតិបត្តិ Xpeng បាន​បញ្ជាក់ថា រថយន្តថ្មីនេះ​គឺឆ្លុះបញ្ចាំង​ពីគោលដៅ​វែងឆ្ងាយ​របស់​ក្រុមហ៊ុន​នៃការផលិតរថយន្ត​អគ្គិសនីស្វ័យប្រវត្តិ សម្រាប់​អតិថិជន​ដែលមានកម្រិតថវិកា។

លោកបាននិយាយដូច្នេះថា៖ «យើងបានឃើញ​តម្រូវការខ្លាំងពីអ្នកទិញ​រថយន្តលើកដំបូង ដែល​ជាមនុស្សវ័យក្មេង និង​មានថវិកាតិចជាង ១០ម៉ឺនយ័ន (១ម៉ឺន ៤ពាន់ដុល្លារ)។ យើងចង់​សម្រេច​បំណងប្រាថ្នារបស់ពួកគេនូវរថយន្តវៃឆ្លាត ដែល​សមល្មមនឹង​ថវិការបស់ពួកគេ»។

នាពេលខាងមុខ រថយន្ត Mona អាចនឹង​ត្រូវអភិវឌ្ឍ​ ទៅជារថយន្តស្វ័យប្រវត្តិពេញលេញ ប៉ុន្តែតម្លៃដដែល ខណៈការអភិវឌ្ឍបច្ចេកវិទ្យា របស់ក្រុមហ៊ុនកាន់តែជឿនលឿនរហ័ស ដែល​ជួយដល់​ផលិតកម្មរបស់ខ្លួន៕

Most Popular

To Top