វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google របស់ Alphabet កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយនៅប្រទេសវៀតណាម ហើយផែនការនេះនឹងក្លាយជាការវិនិយោគលើកដំបូង ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយក្នុងប្រទេសអាស៊ីអាគ្នេយ៍។
យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google កំពុងតែថ្លឹងថ្លែងក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យលើសទំហំនៅជិតទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសវៀតណាម។
ក្រុមហ៊ុន Google នឹងសម្រេចបានការសម្រេចចិត្តលើការវិនិយោគលឿនប៉ុណ្ណានោះទេ ប៉ុន្តែប្រភពបាននិយាយថា ការពិភាក្សាផ្ទៃក្នុងកំពុងប្រព្រឹត្តទៅ ហើយមជ្ឈមណ្ឌលទិន្នន័យអាចរួចរាល់នៅឆ្នាំ២០២៧ ។ ចំណែកអ្នកនាំពាក្យរបស់ Google បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការមជ្ឈមណ្ឌលទិន្នន័យនោះទេ។
នេះបើយោងតាមការប៉ាន់ស្មានដោយផ្អែកលើទិន្នន័យបានចេញផ្សាយដោយអ្នកប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle ស្តីពីមជ្ឈមណ្ឌលទិន្នន័យនៅប្រទេសវៀតណាមថា មជ្ឈមណ្ឌលទិន្នន័យ Hyperscale មានសមត្ថភាពប្រើប្រាស់ថាមពលពី ៥០មេហ្គាវ៉ាត់ (MW) អាចមានតម្លៃចន្លោះពី ៣០០ លានដុល្លារ ទៅ ៦៥០លានដុល្លារ។ មជ្ឈមណ្ឌល Hyperscale ជាមជ្ឈមណ្ឌលធំបំផុតក្នុងឧស្សាហកម្ម ដោយការប្រើប្រាស់ថាមពលជាធម្មតាស្រដៀងទៅនឹងទីក្រុងធំមួយ។
ការផ្លាស់ប្តូររបស់ Google ត្រូវបានជំរុញដោយចំនួនដ៏ច្រើននៃអតិថិជនសេវាកម្ម Cloud ក្នុងស្រុក និងបរទេសរបស់ខ្លួននៅប្រទេសវៀតណាម និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ ដោយកត់សម្គាល់ថា ប្រទេសអាស៊ីអាគ្នេយ៍គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកចម្រើនបំផុតសម្រាប់ YouTube ជាការចែករម្លែកវីដេអូអនឡាញដ៏ពេញនិយមរបស់ Google ៕